(ភ្នំពេញ)៖ អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា រួមជាមួយលោកអភិបាលរង មន្ត្រីរាជការសាលាខណ្ឌ សង្កាត់-ភូមិ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧នេះ បានចុះពិនិត្យមើលផ្លូវបេតុង១ខ្សែ ដែលទើបស្ថាបនារួច និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិបុរីកម្មករសង្កាត់ជើងឯក ខណ្ឌដង្កោ។
ផ្លូវបេតុង១ខ្សែនេះ ជាផ្លូវស្ថិតក្នុងគម្រោងថវិកាឆ្នាំ២០១៦ របស់រដ្ឋបាលខណ្ឌដង្កោ មានប្រវែង៤៥១ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ។
លោកអភិបាលខណ្ឌ បានធ្វើការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាកសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន និងបានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃ ទៅមួយថ្ងៃ ក្នុងមូលដ្ឋាន តួយ៉ាងផ្លូវបេតុងថ្មី ដែលទើបបានស្ថាបនារួចនាពេលនេះ គឺបានជួយសម្រួលដល់ការធ្វើដំណើរប្រកបរបរចិញ្ចឹមជីវិតរបស់បងប្អូន និងធ្វើឲ្យមានផាសុខភាពសម្រាប់ការរស់នៅប្រចាំថ្ងៃ។
កន្លងមកផ្លូវ០១ខ្សែ ក្នុងភូមិបុរីកម្មករនេះមានលក្ខណៈតូចចង្អៀត មានទទឹងត្រឹម១,៥ម៉ែត្រ នៅកន្លែងខ្លះ ហើយមានជម្ហុកធំៗ ផុកជ្រាំនៅ រដូវរស្សា និងហុយ នៅរដូវប្រាំង។ បងប្អូនប្រជាពលរដ្ឋដែលរស់នៅ តាមបណ្តោយផ្លូវនេះ បានអបអរសាទរ និងថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អជ្ញាធរមូលដ្ឋាន ទាំងអស់ដែលបានយកចិត្តទុកដាក់គិតគូរពីការលំបាក របស់ប្រជាពលរដ្ឋ និងបានជួយដោះស្រាយជូនពួកគាត់បានទាន់ពេលវេលា៕