(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ស្នើឲ្យក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រកពេលសមស្របណាមួយនៅដើមឆ្នាំ២០១៧នេះ ដើម្បីបូកសរុបលទ្ធផលការងារ និងបញ្ហាប្រឈម ក្រោយពីបានដាក់ចេញនូវ សារាចរណែនាំស្ដីពី វិធានការចាំបាច់ក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ នាពេលកន្លងទៅនេះ។
ការស្នើរបស់សម្ដេចក្រឡាហោម យ៉ាងដូច្នេះ ព្រោះថា ក្រោយពីបានដាក់ចេញនូវសារាចរនេះ សម្ដេចមិនទាន់ទទួលរបាយការណ៍បូកសរុបជាផ្លូវការណាមួយ ពីលទ្ធផល និងបញ្ហាប្រឈមនានា នៃការអនុវត្តសារាចរនេះនៅឡើយទេ។
នេះបើតាមការលើកឡើង នៅក្នុងកិច្ចប្រជុំលើកទី១៣ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបលទ្ធប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅទីស្តីការក្រសួងមហាផ្ទៃ ដែលសម្ដេចក្រឡាហោម ស ខេង ជាប្រធាន គ.ជ.អ.ប បានដឹកនាំកិច្ចប្រជុំនេះ ដោយក្នុងនោះក៏មានការចូលរួមពី រដ្ឋមន្ដ្រីក្រសួងសមាជិក គ.ជ.អ.ប តំណាងក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាច្រើនរូបផងដែរ។
សម្ដេច ស ខេង បានឲ្យដឹងថា ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ ជលផល និងបំផ្លាញប្រព័ន្ធការពារធនធានធម្មជាតិ ដែលកិច្ចការនេះ លេខាធិការដ្ឋាន គ.ជ.អ.ប បានសម្របសម្រួលជាមួយក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំសារាចរណែនាំ ស្ដីពីវិធានការចាំបាច់ក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ហើយបានដាក់ជូនប្រមុខរាជរដ្ឋាភិបាលសម្រេច និងអនុម័ត កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ ដោយបានផ្សព្វផ្សាយជូនក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ រួចហើយដែរ។
ប៉ុន្ដែសម្ដេចក្រឡហោម បញ្ជាក់ថា «ចាប់តាំងពីដាក់ចេញសារាចរណែនាំនេះ ខ្ញុំមិនទាន់បានទទួលបាននូវរបាយការណ៍ផ្លូវការណាមួយពីលទ្ធផល និងបញ្ហាប្រឈមនានា នៃការអនុវត្តសារាចរនេះនៅឡើយទេ ហើយខ្ញុំសូមស្នើឲ្យក្រសួងបរិស្ថាន និងក្រសួងកសិកម្ម សហការគ្នារៀបចំកិច្ចប្រជុំបូកសរុប ក្នុងពេលសមស្របណាមួយនៅដើមឆ្នាំនេះ ដើម្បីត្រួតពិនិត្យ លើលទ្ធផល បញ្ហាប្រឈម និងកំណត់វិធានការចាំបាច់បន្ថែមទៀត ដែរធានាការអនុវត្តសារាចរណែនាំនេះ ឲ្យកាន់តែមានប្រសិទ្ធភាព»។
ជាមួយគ្នានេះ សម្ដេច ស ខេង បន្ថែមថា បញ្ហានេះពិតជាចាំបាច់ណាស់ ព្រោះអ្វីក៏ដោយបើតាមគោលការដឹកនាំ ដែលដឹកនាំដោយគ្មានការត្រួតពិនិត្យ មិនមែនជាការដឹកនាំនោះទេ ដូច្នេះស្ថាប័នពាក់ព័ន្ធគួរតែប្រយ៉ាប់ប្រយ៉ាល់ ក្នុងការបូកសរុបការងារនេះ ឲ្យកាន់លឿនកាន់តែប្រសើរ ហើយគួរតែប្រជុំ២សប្ដាហ៍ម្ដងដើម្បីត្រួតពិនិត្យ៕