(ព្រះសីហនុ)៖ កម្លាំងនគរបាលស្រុកព្រៃនប់ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាល រដ្ឋបាលឃុំវាលរេញ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ស្នងការ ជួន ណារិន្ទ បានបង្ក្រាបទីតាំងបើកល្បែងជល់មាន់ និងអាប៉ោងមួយកន្លែង ដកហូតបានម៉ូតូ២គ្រឿង និងវត្ថុតាងមួយចំនួនទៀត ដោយឡែកក្រុមអ្នកញៀនល្បែង បានរត់គេចខ្លួនបាត់ស្រមោល។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧នេះ នៅចំណុចក្រោយផ្សារវាលរេញ ស្ថិតនៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ក្នុងនោះកម្លាំងនគរបាល ដកហូតម៉ូតូ២គ្រឿង មាន់ជល់៣ក្បាល (ងាប់០១ក្បាល) សុំក្រុងមាន់៤ កន្ត្រកដាក់២ ជញ្ជីងថ្លឹង១ ស្កុតរុំ១២ ចានថាស និងខ្ទឹលសម្រាប់បាញ់អាប៉ោងមួយសំរាប់ រីឯអ្នកលេងរត់ចូលព្រៃអស់។
ក្រោយប្រតិបត្តិការ វត្ថុតាងទាំងអស់នេះ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋានគរបាលស្រុក៕