(ព្រះសីហនុ)៖ ពិតជាអយុត្តិធម៌ណាស់ ប្រជាពលរដ្ឋស្លូតត្រង់ចំនួន៣នាក់ ដែលត្រូវបានរងការរំលោភដីធ្លី វាយធ្វើបាប និងដុតផ្ទះចោលហើយ ថែមទាំងត្រូវបានជនអាងអំណាច ប្តឹងឲ្យចាប់ដាក់គុក តាមរយៈអំណាចតុលាការ ទាំងដីធ្លីដែលមានទំនាស់នោះ ត្រូវបានអាជ្ញាធរផ្តល់ក្តីយុត្តិធម៌ ឲ្យជនរងគ្រោះទទួលបានសិទ្ធិស្របច្បាប់ ក្នុងការកាន់កាប់យ៉ាងណាក្តី ។
ប្រជាពលរដ្ឋ៣នាក់ រងភាពអយុត្តិធម៌ត្រូវគេចាប់ដាក់គុកនោះ មានឈ្មោះទី១៖ វ៉ាន់ នី អាយុ៤២ឆ្នាំ ភេទស្រី, ទី២៖ វ៉ាន់ ធឿន ភេទស្រី អាយុ៣៥ឆ្នាំ និង ទី៣៖ វ៉ាន់ តឿ ភេទប្រុស អាយុ៤០ឆ្នាំ ដែលពួកគាត់ជាកសិករ រស់នៅភូមិអូត្រាវ សង្កាត់៤ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន តាមអំណាចសាលក្រមតុលាការ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅនេះ។
បន្ទាប់ពីកើតមានរឿងដ៏មហាអយុត្តិធម៌នេះ ក្នុងភូមិ៤ ទាំងអស់បាននាំគ្នាផ្តិតមេដាយ សុំអន្តរាគមន៍ស្វែងរកយុត្តិធម៌ ពីអភិបាលខេត្តព្រះសីហនុផងដែរ ហើយលោកអភិបាលខេត្ត យន្ត មីន បានព្យាយាមខ្នះខ្នែង ដើម្បីដោះស្រាយរឿងនេះ ប៉ុន្តែដោយសារតែ នៅកម្ពុជាអំណាចនីតិប្រត្តិបត្តិ និងអំណាចតុលាការ ស្ថិតនៅដាច់ដោយឡែកពីគ្នា លោកមិនអាចជ្រៀតជ្រែកបានឡើយ។
លោក វ៉ាន់ វង្ស ដែលមានអាយុ៨៥ឆ្នាំហើយនោះ និងត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ ដែលត្រូវបានចាប់ខ្លួនដាក់គុកនេះ បានរៀបរាប់ប្រាប់អង្គភាព Fresh News ពីដំណើរដើមទង ដែលនាំមានកើតឡើងរឿងដូច្នេះថា៖
លោកតាបានមករស់នៅ លើដីសព្វថ្ងៃនេះ ចាប់តាំងពីឆ្នាំ១៩៨៦មកម្ល៉េះ ដោយប្រកបរបរធ្វើស្រែចំការ។ ស្រាប់តែនៅឆ្នាំ២០០៦ មានឈ្មោះ យូ ចន្ថា ភេទស្រី បានចុះមកខេត្តព្រះសីហនុ ហើយបានក្លែងឯកសារទិញ លក់ដី ដោយលោក ទក ផាន ចុះហត្ថលេខា ហើយឈ្មោះ យូ ចន្ថា នេះអះអាងថាបានទិញដីដែល លោកតាកពុងរស់នៅនេះពីគេ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩១។
លោកតា វ៉ាន់ វង្ស បានរៀបរាប់បន្តថា បន្ទាប់ពីបានទទួលលិខិតកាន់កាប់ ដីធ្លីក្លែងក្លាយនោះហើយ លោកស្រី យូ ចន្ថា បានយកកម្លាំងទាហាន ចុះមកដេញលោកតាឲ្យចុះចេញពីដីរបស់ខ្លួន ចំនួន២លើក តែមិនបានសម្រេចទេ ហើយលើកទី៣ លោកស្រី យូ ចន្ថា បានមកដុតផ្ទះលោកតាចោលតែម្តង ពិតជាព្រៃផ្សៃបំផុត។
លើសពីនេះ លោកស្រី យូ ចន្ថា បានប្តឹងមួលបង្កាច់ទៅតុលាការថា កូនៗរបស់លោកតា (អ្នកដែលត្រូវចាប់ខ្លួនដាក់គុក) វាយបង្ករបួសស្នាមលើរូបគាត់ ដែលផ្ទុយស្រឡះពីការពិត ព្រោះកូនរបស់លោកតា ជាពលរដ្ឋទន់ខ្សោយ មានកម្លាំងឯណា ទៅវាយលោកស្រី យូ ចន្ថា ដែលមានកម្លាំងទាហានក្នុងដៃនោះ ហើយប្រសិនពេលនោះ កូនៗរបស់លោកតា វ៉ាន់ វង្ស វាយមែនច្បាស់ជាកងកម្លាំងរបស់ យូ ចន្ថា ចាប់ខ្លួនភ្លាមៗបាត់ទៅហើយ ព្រោះជាបទល្មើសជាក់ស្តែង។
លោកតាបន្តទៀតថា ជាបន្តបន្ទាប់ ឈ្មោះ យូ ចន្ថា ព្យាយាមចូលមកកាន់កាប់លើដីរបស់លោកតា ប៉ុន្តែដោយសារការគំរាមយករឿង ព្រហ្មទណ្ឌជាការបំបាក់ស្មារតីឲ្យប្រគល់ដីឲ្យជាថ្នូ ប៉ុន្តែពុំអាចធ្វើទៅបាន ដោយសារកម្លាំងប្រជាពលរដ្ឋ ជួយស្រែករកភាពយុត្តិធម៌ ព្រោះបានឃើញនូវអំពើអយុត្តិធម៌នេះ ផ្ទាល់នឹងភ្នែក មិនអាចប្រកែកបានឡើយ។
ចំពោះបណ្តឹងមួលបង្កាច់ លើសុំណុំរឿងព្រហ្មទណ្ឌដែលលោកស្រី យូ ចន្ថា ចោទថា កូនៗរបស់លោកប្រើអំពើហឹង្សា លើករូបលោកស្រីនោះ សាលក្រមសាលាដំបូង បានសម្រេចផ្តន្ទាទោស ដោយកំបាំងមុខ ទៅលើអ្នកកូនៗ៤នាក់ របស់លោកតា វ៉ាន់ វង្ស ត្រូវជាប់ពន្ធនាគាររយៈពេល៣ខែ និងសងសំណង១០០០ដុល្លារ ហើយសាលាឧទ្ធរណ៍ និងតុលាការកំពូលសម្រេចតម្កល់សាលក្រមនេះ ដោយចេញដីកាចាប់ខ្លួន នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៤។
ដោយសារមើលឃើញរឿងរ៉ាវ ដ៏អយុត្តិធម៌នេះ លោកអភិបាលខេត្តព្រះសីហនុ បានធ្វើការដោះស្រាយ និងស្រាវជ្រាវស្វែងរកការពិត និងផ្តល់ភាពយុត្តិធម៌ សច្ចធម៌ គ្រួសារលោកតា និងបានផ្តល់នូវប័ណ្ណកម្មសិទ្ធិ កាន់កាប់ដីធ្លី ស្របច្បាប់ជូនគ្រួសារលោកតា វ៉ាន់ វង្ស នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦។
ប៉ុន្តែជាអកុសលនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ តុលាការបានចុះអនុវត្តន៍ សាលក្រមស្ថាបពទាំងអយុត្តិធម៌បំផុតចំពោះ ប្រជាពលរដ្ឋរងគ្រោះ ដោយបានចាប់ខ្លួនកូនៗ ៣នាក់របស់លោកតា ដាក់ពន្ធនាគារ តែដោយសារតែ ឈ្មោះ វ៉ាន់ តឿន ក្នុងសាលក្រមចាប់ខ្លួននោះ ខុសភេទទើបត្រូវបានគេដោះលែងឲ្យត្រឡប់មកផ្ទះវិញ ដោយបច្ចុប្បន្នកូនៗ របស់លោកតា ២នាក់ទៀតកំពុងជាប់ឃុំឃាំងនោះឡើយ។
ជាមួយគ្នានេះ លោកតា វ៉ាន់ វង្ស រួមទាំងប្រជាពលរដ្ឋ ក្នុងភូមិអូត្រាវ ទាំងអស់សូមឲ្យក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំ មេត្តាជួយផ្តល់យុត្តិធម៌ ដល់ជនរងគ្រោះដែលកំពុងជាប់ឃុំឃាំងផង ព្រោះពួកគាត់ពុំបានធ្វើខុសដូច ការចោទប្រកាន់របស់ តុលាការទេ ហើយពួកគាត់មានកូនតូចៗ នៅក្នុងបន្ទុកដែលត្រូវការ ម្តាយឪពុករកស៉ីចញ្ចឹមបីបាច់។ ចំពោះបុគ្គល យូ ចន្ថា ពិតជាសាហាវខ្លាំងណាស់ យកកម្លាំងតុលាការមកគាបធ្វើបាយអ្នកទន់ខ្សោយ ដោយសារចង់ដណ្តើមដីរបស់គេ សូមថ្នាក់ដឹកនាំមេត្តាផ្តល់យុត្តិធម៌ ចំពោះរឿងនេះផង។ (មានភ្ជាប់នូវលិខិតផ្តិតមេដាយ)។
ពាក់ព័ន្ធនឹងរឿងរ៉ាវនេះ អង្គភាព Fresh News មិនទាន់អាចទំនាក់ទំនង លោកស្រី យូ ចន្ថា ដើម្បីសុំការបំភ្លឺបាននោះទេ៕