(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមភូមិន្ទ បានធ្វើការអំពាវនាវទៅដល់កងកម្លាំង ដែលត្រូវទៅចូលរួមបំពេញ បេសកកម្មថែរក្សាសន្តិភាពតាមរយៈ អង្គការសហប្រជាជាតិនៅប្រទេសលីបង់ ត្រូវប្រកាន់ការប្រុងប្រយ័ត្នខ្ពស់ជាប់ជាប្រចាំ ទាំងបញ្ហាសន្តិសុខ និងបញ្ហាជំងឺឆ្លងនានា ព្រោះអាចនឹងជួបប្រទៈនៃការរីករាលដាល អំពើហឹង្សានានា ដោយសារកាយវាយប្រហារតាមផ្លូវជាញឹកញាប់ ពីសំណាក់ក្រុមជម្លោះសាសនារបស់គូបដិបក្សអាចកើតឡើងគ្រប់ពេលវេលាដែល បង្កដោយក្រុមជ្រុលនិយម ក្រុមប្រដាប់អាវុធ ឬឧទ្ទាម។

ការអំពាវនាវនេះបានលើកឡើង នៅក្នុងពិធីជូនដំណើរកងវិស្វកម្មលេខ៣៦៩ ទៅប្ដូរវេនកងវិស្វកម្មលេខ ៩៣៦ ដែលបានបញ្ចប់បេសកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅប្រទេសលីបង់ ហើយគ្រោងនឹងនិវត្តន៍មកកាន់កម្ពុជាវិញ នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ ខាងមុននេះ ធ្វើឡើងក្រោមវត្តមាន នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិ ។

នៅក្នុងពិធីជូនដំណើរ នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានថ្លែងឲ្យដឹងថា «រាជរដ្ឋាភិបាល ក្រោមការដឹងនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ នាយករដ្ឋមន្រ្តី​បានខិតខំប្រឹងប្រែងកម្មវិធីកំណែទម្រង់នានា ដែលបានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ប្រកបដោយឆន្ទៈមុតស្រួចធានានូវការ លើកកម្ពស់​អភិបាល កិច្ចល្អ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា»

ជាមួយគ្នានេះ លោក Alexandre Huynh តំណាងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានសំដែងការដឹងគុណក៏ជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានបរិច្ចាគកម្លាំងចូលរួមបំពេញបេសកកម្មរបស់កម្លាំងកម្ពុជា នឹងនាំមកនូវកិត្តិយសជូនទាំងអង្គភាព ទាំងទាហានរួមជំនាន់និងប្រទេសជាតិទាំងមូលព្រោះជាការលះបង់ដើម្បីសន្តិភាព សន្តិសុខ មិត្តភាព ជាលក្ខណៈអន្តជាតិ ដែលមានន័យថាប្រទេសកម្ពុជា បានផ្ដល់គំរូ សម្រាប់ពិភពលោក ។

លោក Alexandre Huynh បានបញ្ជាក់បន្ថែមថា នេះជាការតាំងចិត្តប្រកបដោយមនុស្សធម៌ សម្រាប់ជួយដល់អុ្នកដទៃ ក្នុងការចែករំលែកជំនាញដល់បណ្ដាប្រទេសនានា ដែលកំពុងទទួលការរងទុក្ខដោយសារជម្លោះ ឲ្យមានសន្តិភាព ជាក់ស្ដែង និងជាប្រភពនៃការលើកទឹកចិត្តក៏មានតម្លៃដល់ប្រទេសជាច្រើនទៀត ។

សូមបញ្ជាក់ថា ក្រសួងការពារជាតិ បានបញ្ជូនទ័ពមួកខៀវចំនួន១៨៤នាក់ ជាកងកម្លាំងវិស្វកម្មលេខ ៣៦៩កងទី៧ ដែលទៅចូលរួមបំពេញបេសកម្មរក្សាសន្តិភាពរបស់ អ.ស.ប នៅប្រទេសលឺបង់ ក្នុងនោះមាននារី១៦នាក់ ដែលមានតួនាទីភារកិច្ចក្នុងការសាងសង់បាឡេ ដឹកជញ្ជូន និងស្ទូចតម្លើងជញ្ជាំង ឈូសឆាយពង្រាបដី និងផ្លូវឡើងភ្នំ សាងសង់ជួសជុល និងរុះរើជញ្ជាំងចាក់គ្រួសក្នុងជញ្ជាំងសុវត្ថិភាព សាង់សងជញ្ជាំការពារសុវត្ថិភាព និងសាងសង់កន្លែងដាក់កុងតឺន័រ-ល- ទន្ទឹមនេះ ក៏មានភារកិច្ចបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផងដែរ ៕