(ភ្នំពេញ)៖ លោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងឲ្យដឹងថា ការរៀបចំព្រឹត្តិការណ៍មហោស្រពជាតិ ភាពយន្តខ្នាតខ្លី លើកទី១នៅកម្ពុជា នៅពេលនេះ គឺមានគោលបំណងដើម្បីជម្រុញ និងពង្រឹងឧស្សាហកម្មភាពយន្តកម្ពុជា និងក្នុងគោលបំណង ធ្វើឲ្យទីផ្សារភាពយន្ត មានសកម្មភាពកាន់តែរស់រវើកបន្ថែមទៀត។ ការថ្លែងបែបនេះរបស់លោក សោម សុគន្ធ បានធ្វើឡើងក្នុងពេលលោកចូលរួម ជាអធិបតីភាព ក្នុងពិធីបើក «មហោស្រពជាតិភាពយន្តខ្នាតខ្លី កម្ពុជាលើកទី១ ឆ្នាំ២០១៦» ក្រោមប្រធានបទ «ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះ ទៅភាពយន្តខ្នាតវែង» នាល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧នេះ នៅសាសសន្និសីទចតុម្មុខ រៀបចំដោយនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
លោក សោម សុគន្ធ បានថ្លែងនៅក្នុងពិធីឲ្យដឹងទៀតថា ក្នុងព្រឹត្តការណ៍មហោស្រពជាតិភាពយន្តខ្នាតខ្លីឆ្នាំនេះ គណៈកម្មការរៀបចំមហោស្រព ក៏បានបង្កើតឲ្យមានវគ្គបណ្តុះបណ្តាលរយៈពេលខ្លី នូវជំនាញជាមូលដ្ឋាន នៃវិជ្ជាជីវៈភាពយន្តដល់យុវជនយើង ហើយសាកល្បងឲ្យគេបង្កើតស្នាដៃ ចូលរួមប្រកួតប្រជែង ក្នុងមហាស្រពនេះដែរ។ ចំណែកគណៈកម្មការរៀបចំមហោស្រព ត្រូវតែប្រកបដោយសា្មរតីទទួលខុសត្រូវ មានឯករាជ្យភាព សុក្រឹត្យ និងមិនលម្អៀងក្នុងការពិនិត្យវិនិច្ឆ័យ ដាក់ពិន្ទុរាល់ស្នាដៃល្អឆ្នើម មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទាំងផ្នែកបច្ចេកទេសនិងខ្លឹមសាររឿង ស័ក្តិសមនឹងទទួលពានរង្វាន់ និង រង្វាន់របស់មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី១ ឆ្នាំ២០១៦ យើងនេះ។
លោករដ្ឋលេខាធិការ បន្តទៀតថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចាត់ទុកថា ការរៀបចំឲ្យមានមហោស្រពជាតិភាពយន្តខ្នាតខ្លី ពិតជាសារៈសំខាន់ក្នុងការសម្របសម្រួល ផ្តល់ឱកាស និងគាំទ្រដល់ការអភិវឌ្ឍន៍គំនិត ច្នៃប្រឌិត ការបង្កើតនូវបរិស្ថានបណ្តុះពន្លកថ្មី ជំរុញឲ្យមានការបង្កើតស្នាដៃ ប្រកបដោយទេព្យកោសល្យ ពីសំណាក់យុវជនយើងចូលរួម ប្រកួតប្រជែង ហើយសង្ឃឹមថា ក្មួយៗនឹងក្លាយជាអ្នកផលិតភាពយយន្តអាជីព នៅក្នុងឧស្សាហកម្មភាពយន្តជាតិ ទៅថ្ងៃមុខ។ លោកជឿជាក់ថា ការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីនេះ នឹងក្លាយជាព្រឹត្តការណ៍ ដ៏សំខាន់មួយរបស់ជាតិ ហើយនឹងទទួលបាននូវភាពគ្រាំទ្រ ពីសាធារណជន ពិសេសយុវជនរបស់យើង ដែលស្រឡាញ់ ចូលចិត្តនិងចង់ក្លាយខ្លួន ទៅជាផលិតករភាពយន្តអាជីព នាពេលអនាគត។
សូមបញ្ជាក់ថា យោតាមរបាយការណ៍របស់លោក ស៊ិន ចន្ទសាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានឲ្យដឹងថា មហោស្រពជាតិភាពយន្តខ្នាតខ្លីឆ្នាំនេះ គណៈកម្មការរៀបចំបានទទួលស្នាដៃប្រកួតប្រជែង ចំនួន២៤ចំណងជើង (២៤រឿង) ដោយក្នុងដំណាក់កាលដំបូង អនុគណៈកម្មការមេប្រយោគវគ្គជម្រុះបឋម បានពិនិត្យវាយតម្លៃ និងសម្រេចជ្រើសរើស យកស្នាដៃតែចំនួន១៨ ចំណងជើង (១៨រឿង) ដាក់ចូលរួមប្រកួតប្រជែង ក្នុងវគ្គជម្រុះទី២។ ចាប់ពីថ្ងៃទី០៤ ខែមករា ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧នេះ ស្នាដៃដាក់ចូលរួមប្រកួត ទាំង១៨ចំណងជើង និងត្រូវពិនិត្យវាយតម្លៃ និងវិនិច្ឆ័យ ដោយអនុគណៈកម្មការមេប្រយោគ ប្រកបដោយស្មារតីទទួលខុសត្រូវ សុក្រិតមិនលំអៀងជ្រើសរើសយក ស្នាដៃឆ្នើមចំនួន៥ចំណងជើង ដាក់ចូលរួមប្រកួតប្រជែង នៅវគ្គផ្ដាច់ព្រ័ត្រ នារាត្រីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ។
ចាប់ពីថ្ងៃទី០៤ ខែមករា ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧នេះ ចាប់ពីម៉ោង៤រសៀល នឹងមានការដាក់បញ្ចាំងភាពយន្តខ្នាតខ្លី ចំនួន១៩រឿង នាសាលសន្និសីទចតុម្មុខ ជូនទស្សនិកជន ទស្សនាដោយសេរី និងមានកិច្ចពិភាក្សាសំណួរ ចម្លើយរវាងវាគ្មិនជាអ្នកជំនាញភាពយន្ត ជាមួយនិងផលិតករ អ្នកនិពន្ធ អ្នកដឹកនាំសម្ដែង ក្រោមប្រធានបទ «ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះ ទៅភាពយន្តខ្នាតវែង» ផងដែរ។
សម្រាប់ភាពយន្តខ្នាតខ្លី ដែលទទួលបានជយលាភី លេខ១ នឹងទទួលបានរង្វាន់ ពានមាស១ និងទឹកប្រាក់៣ពាន់ដុល្លារ ។ លេខ២ ទទួលបានពានប្រាក់១ និងទឹកប្រាក់២ពាន់ដុល្លារ និងលេខ៣ ទទួលបានពានសំរឹទ្ធ១ និងទឹកប្រាក់១ពាន់ដុល្លារ៕