ព្រឹទ្ធសភា ឯកភាពទាំងស្រុងទៅលើ សេចក្តីព្រាងស្តីពីវិសោធនកម្ម ច្បាប់ចរាចរណ៍ផ្លូវគោក
04-01-2017 12:04
(ភ្នំពេញ)៖ អង្គប្រជុំព្រឹទ្ធសភា នៅព្រឹកមិញនេះ បានឯកភាពទាំងស្រុងដោយឥតកែប្រែ លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក ក្រោមសំឡេង៤៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
ការសម្រេចនេះ បានធ្វើឡើង ក្រោយពីព្រឹទ្ធសភា បានបើកកិច្ចប្រជុំវិសាមញ្ញមួយ ដើម្បីពិភាក្សា និងឱ្យយោបល់ទៅលើ សេចក្តីព្រាងស្តីពីវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក នៅ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧នេះ។ កិច្ចប្រជុំវិសាមញ្ញនេះ បានធ្វើឡើងក្រោមអធិបតីភាព លោក នៃ ប៉េណា អនុប្រធានទី១ នៃព្រឹទ្ធសភា ដោយមានសមាជិកព្រឹទ្ធសភា៤៩នាក់។
ចំណុចមួយចំនួន នៅក្នុងច្បាប់ចរាចរណ៍ ដែលបានលើកយកមកធ្វើវិសោធនកម្មពេលនេះ រួមមានដូចជា មាត្រា៨ មាត្រា៤១ មាត្រា៤៧ មាត្រា៤៨ មាត្រា៧៥ មាត្រា៧៧ មាត្រា៨២ និងមាត្រា៩០នៃច្បាប់ចរាចរណ៍ផ្លូវគោក។
ការសម្រេចកែប្រែច្បាប់ចរាចរណ៍ឡើងវិញ ត្រូវបានរាជរដ្ឋាភិបាលអះអាងថា ធ្វើឡើងតាមសំណូមពររបស់ប្រជាពលរដ្ឋ ដែលជួបការលំបាក បន្ទាប់ពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រូវបានដាក់ឱ្យអនុវត្ត តាំងពីដើមឆ្នាំ២០១៦៕