(ភ្នំពេញ)៖ លោកបណ្ឌិត តូនី តាន់ កេងយ៉ា ប្រធានាធបិតីនៃសាធារណៈរដ្ឋសិង្ហបុរី នឹងដឹកនាំ គណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី០៨ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេចព្រំបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
យោងតាមសេចក្តីជូនដំណឹងដដែលបានបន្ថែមថា នៅក្នុងដំណើរទស្សនកិច្ចនោះ លោកបណ្ឌិត តូនី តាន់ កេងយ៉ា នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រំបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។
ក្រៅពីនោះ ប្រធានាធបិតីនៃសាធារណៈរដ្ឋសិង្ហបុរី នឹងជួបពិភាក្សាទ្វេភាគី ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីចុះហត្ថលេខាលើឯកសារចំនួនពីរផងដែរ៕