(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយថ្នាំញៀនចំនួន ៨កញ្ចប់ ព្រមទាំងវត្ថុតាងមួយចំនួនទៀត ត្រង់ចំណុចនៅភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ។
លោកឧត្តមសេនីយទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យដែលកម្លាំងនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនបាន នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧នោះ មានឈ្មោះ សួន ស៊ីផុន អាយុ៣១ឆ្នាំ។ ក្រោយឃាត់ខ្លួនជនសង្ស័យ កម្លាំងនគរបាលខេត្តក៏បានដកហូត ថ្នាំញៀនមេតំហ្វេតាមីន ៨កញ្ចប់, ទូរស័ព្ទដៃ ២គ្រឿង និងសម្ភារៈផ្សេងៗមួយចំនួន។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការស្តីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលល្អឡើងថែមទៀត។
យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអនុប្រធាន៕