(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧នេះ បានប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៣៨ នៃទិវាជ័យជម្នះ៧មករា (៧មករា១៩៧៩ ដល់ ៧មករា២០១៧) ក្រោមអធិបតីលោក គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង។
ប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍ ទិវាជ័យជម្នះ៧មករានេះ ក៏មានការចូលរួមពី លោក-លោកស្រីក្រុមប្រឹក្សាខេត្ត លោក-លោកស្រីអភិបាលរងខេត្ត លោកមេបញ្ជាការ នាយ-នាយរង កងកម្លាំងប្រដាប់អាវុធ ព្រមទាំងលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយឫទ្ធិ យុវជនកាកបាទក្រហម និងប្រជាពលរដ្ឋសរុបជាង៤ពាន់នាក់ និងកម្លាំងកងរាជអាវុធហត្ថចូលរួមចំនួន ១២៧នាក់ ទៀងផងដែរ។
សូមជម្រាបថា ជ័យជម្នះថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ គឺជ័យជម្នះរបស់កងទ័ពតស៊ូ ដែលដឹកនាំដោយសម្ដេច ជា សីុម សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចពញាចក្រី ហេង សំរិន ក្នុងការរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានសម្លាប់ជាតិសាសន៍ឯង យ៉ាងរង្គាលព្រៃផ្សៃបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តពិភពលោក ក្នុងរបបដឹកនាំរបស់ខ្លួន អស់រយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ៕