អ្នកនាំពាក្យ គ.ជ.ប៖ សូមបងប្អូនអញ្ជើញទៅពិនិត្យបញ្ជី ឈ្មោះបោះឆ្នោតតាមឃុំ-សង្កាត់ឲ្យបានគ្រប់ៗគ្នា រហូតដល់ថ្ងៃទី១៤ ខែមករា, បើមានបញ្ហាអាចប្តឹងជំទាស់បាន !
04-01-2017 10:27
(ភ្នំពេញ)៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប លោក ហង្ស ពុទ្ធា បានថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ ដោយធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានពិនិត្យបញ្ជីឈ្មោះដំបូង សូមអញ្ជើញទៅពិនិត្យ បញ្ជីឈ្មោះឲ្យបានគ្រប់ៗគ្នា ដើម្បីប្រាកដថា លោកអ្នកមានឈ្មោះត្រឹមត្រូវ ដែលអាចបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ឆ្នាំ២០១៧ និងបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ឆ្នាំ២០១៨។
លោក ហង្ស ពុទ្ធា បានបញ្ជាក់យ៉ាងច្បាស់ថា ដំណើរការបិទបញ្ជីឈ្មោះបោះឆ្នោតធ្វើឡើងចាប់ពីថ្ងៃទី០៣ ដល់ ១៤ ខែមករា ឆ្នាំ២០១៧ ដែលអាចឲ្យបងប្អូនទៅពិនិត្យ បញ្ជីឈ្មោះរបស់ខ្លួនតាមឃុំសង្កាត់ ដែលបងប្អូនបានទៅ ចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីឈ្មោះឆ្នោតថ្មី កាលពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោក ហង្ស ពុទ្ធា បញ្ជាក់ទៀតថា ក្នុងពេលដែលបងប្អូន បានទៅពិនិត្យបញ្ជីឈ្មោះចាប់ពីថ្ងៃទី ០៤ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ហើយមានបញ្ហាដូចជា ឈ្មោះខុសអក្ខរាវារុទ្ធ ខុសភេទ ឬអ្វីៗផ្សេងទៀត អាចប្តឹងជំទាស់ នៅឃុំ សង្កាត់នោះបាន។
ជាមួយគ្នានេះ បញ្ជីឈ្មោះបោះឆ្នោតដំបូងនេះ បងប្អូនប្រជាពលរដ្ឋក៏អាចចូលទៅពិនិត្យបានដែរ តាមរយៈគេហទំព័ររបស់ គ.ជ.ប គឺ http://www.voterlist.org.kh៕