(ភ្នំពេញ)៖ ក្នុងឱកាសបើកកិច្ចប្រជុំលើកទី១៣ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបលទ្ធប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំដល់អភិបាលខេត្តនានា កុំឱ្យមានរឿងដូចអភិបាលខេត្តរតនគិរីតទៅទៀត។
សម្តេច ស ខេង បានណែនាំថា អភិបាលខេត្តទាំងអស់ ត្រូវធ្វើការសហការយ៉ាងល្អ ជាមួយរដ្ឋមន្រ្តីនានា នៅពេលដែលពួកគាត់ចុះទៅកាន់មូលដ្ឋាន ដើម្បីបំពេញបេសកកម្មណាមួយ ដោយមិនត្រូវព្រងើយកន្តើយនោះឡើយ។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅឆ្នាំ២០១៧ របស់គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង បានថ្លែងស្តីបន្ទោសធ្ងន់ៗលើអភិបាលខេត្តរតនគិរី លោក ថង សាវុន ដោយសារតែអភិបាលខេត្តរូបនេះ បានយកឈ្មោះសម្តេចទៅបោករដ្ឋមន្រ្តី៣រូប ដើម្បីគេចវេសពីការងារ។
សម្តេចក្រឡាហោម ស ខេង បានរំលឹកថា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ មានរដ្ឋមន្រ្តី ៣រូប រួមមានលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែន នគរូបនីយកម្ម និងសំណង់ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះទៅដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរី។
ក្នុងដំណើរចុះទៅដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋពីសំណាក់រដ្ឋមន្រ្តីទាំង ៣រូបនេះ មិនមានការចូលរួមពីលោកអភិបាលខេត្តរតនគិរី ថង សាវុន នោះឡើយ។ បើតាមការបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង ការមិនចូលរួមរបស់អភិបាលខេត្ត ថង សាវុន ត្រូវបានយកលេសថា ជាប់ប្រជុំជា មួយសម្តេចក្រឡាហោម ស ខេង។ សម្តេចក្រឡាហោម ស ខេង បានថ្លែងហែកកេរ្តិ៍លោក ថង សាវុន ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គឺសម្តេចគ្មានកិច្ចប្រជុំណាមួយជាមួយលោកអភិបាលខេត្តរតនគិរីនោះឡើយ។
ជាមួយការស្តីបន្ទោស សម្តេចក្រឡាហោម ស ខេង ក៏បានព្រមានធ្ងន់ៗលើលោក ថង សាវុន ផងដែរថា ក្នុងនាមជាអាជ្ញាធរដែនដីមិន គួរណាគេចវេសពីការងារ និងគ្មានការទទួលខុសត្រូវចំពោះដំណើររបស់រដ្ឋមន្រ្តីនោះឡើយ៕