(ភ្នំពេញ)៖ នៅវេលាម៉ោងជាង៩៖០០នាទីព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ មុនិនាថ សីហនុ បានយាងប្រទានព្រះភ្លើងបូជាព្រះសពសម្តេច ស៊ីសុវត្ថិ ជីវន្តមុនីរ័ក្ស នៅខាងមុខវត្តបុទុមវតី្ត។
សម្តេច ស៊ីសុវត្ថិ ជីវន្តមុនីរ័ក្ស បានសោយទិវង្គត នៅម៉ោង១០៖៤៥នាទីព្រឹក ថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០១៦ ក្នុងព្រះជន្មាយុ៨០ព្រះវស្សា ដោយព្រះរោគាពាធ នៅព្រះរាជដំណាក់របស់ព្រះអង្គ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ខាងក្រោយក្រសួងពាណិជ្ជកម្ម។ សម្តេច ស៊ីសុវត្ថិ ជីវន្តមុនីរ័ក្ស គឺជាបុត្រារបស់សម្តេច ស៊ីសុវត្ថិ មុនីវង្ស និងត្រូវជាព្រះបិតុលាបង្កើត (ឪពុកមា) ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ សម្តេច ស៊ីសុវត្ថិ ជីវន្តមុនីរ័ក្ស គឺជាឧត្តមប្រឹក្សា នៃអង្គព្រះមហាក្សត្រ ហើយក៏ធ្លាប់បានធ្វើជាអនុប្រធានទី១ នៃព្រឹទ្ធសភាជាតិនីតិកាលទី១ផងដែរ។
កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ភ្លាមៗបន្ទាប់ពីទទួលបានដំណឹងអំពីការយាងសោយទិវង្គតរបស់សម្តេច ស៊ីសុវត្ថិ ជីវ័ន្តមុនីរ័ក្ស សម្តេចតេជោ ហ៊ុន សែន ក៏បានផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុក្ខការសោយទិវង្គត របស់សម្តេច ជីវ័ន្តមុរីរ័ក្ស គឺជាការបាត់បង់រាជវង្សខ្មែរមួយអង្គ ដែលមានឆន្ទៈ មនសិការ ស្នេហាជាតិ សាសនា ព្រះមហាក្សត្រ រហូតអស់មួយព្រះជន្ម ក៏ដូចជាការបង់ព្រះរាជស្វាមី ព្រះបិតា ប្រកបដោយព្រះព្រហ្មវិហារធម៌មួយអង្គ៕