(ភ្នំពេញ)៖ នរណាក៏ដឹងដែរថា គណបក្សសង្រ្គោះជាតិ កើតចេញពីការបូកបញ្ចូលគ្នារវាងគណបក្ស សម រង្ស៊ី របស់លោក សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស របស់លោក កឹម សុខា។ នរណាក៏ដឹងដែរថា ថ្វីត្បិតតែគណបក្សទាំងពីរបានរួមបញ្ចូលគ្នាតែមួយ ប៉ុន្តែគណបក្សទាំងពីរនៅរក្សាទុកគណបក្សដើមធ្វើជាទីងមោងដដែល ទោះក្រោម ហេតុផលអីក៏ដោយ តែច្បាស់ណាស់នេះគឺជាការរក្សាទុកជើងក្រោយរៀងៗខ្លួនរបស់លោក សម រង្ស៊ី និងសម្ធ័ន្ធមិត្តចិត្តខុសគ្នាគឺលោក កឹម សុខា ក្រែងលោត្រូវបែកគ្នា នឹងអាលវិលទៅគណបក្សដើមរៀងៗខ្លួនវិញ។
នរណាក៏ដឹងដែរថា នៅមុនពេលរួមបញ្ចូលជាគណបក្សតែមួយទាំងលោក សម រង្ស៊ី ទាំងលោក កឹម សុខា ដោយរួមទាំងមន្រ្តីថ្នាក់ក្រោមរបស់ខ្លួនរៀងៗខ្លួន គឺនាំគ្នាជេរគ្នា និងវ៉ៃប្រហារនយោបាយគ្នាទៅវិញទៅមកយ៉ាងហុយដី ជាមួយនឹងពាក្យពេចន៍ដ៏មហាគ្រោតគ្រៀត និងមិនពិរោះស្តាប់ឡើយ។ នរណាក៏ដឹងដែរថា នៅមុនពេលរួមបញ្ចូលគ្នាជាគណបក្សតែមួយនៅឆ្នាំ២០១២ មានន័យថា នៅក្រោយការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៣ និងមុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ លោក កឹម សុខា បានយកគណបក្សសិទ្ធិមនុស្សដែលមានអាសនៈតែ៣ប៉ុណ្ណោះក្នុងរដ្ឋសភា និងមានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ចំនួន៨០០ (ត្រូវជា ៥៨០ ៤៨៣ សំឡេងឆ្នោត) ធ្វើជាដើមទុនដាក់វិនិយោគរកស៊ីរួមគ្នាជាមួយគណបក្ស សម រង្ស៊ី របស់លោក សម រង្ស៊ី ដែលមានទុន២៦អាសនៈក្នុងរដ្ឋសភា និងមានសមាជិក ក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ២១៥៥ (ត្រូវជា១ ២២៤ ៤៦០ សំឡេងឆ្នោត) ហើយលោក កឹម សុខា បបួលចែកភាគហ៊ុនគ្នាក្នុងគណបក្សថ្មី ស្ទើរតែពាក់កណ្តាលម្នាក់។
នរណាក៏ដឹងដែរថា នៅពេលរៀបចំរួមបញ្ចូលគ្នានោះ លោក កឹម សុខា សំឡឹងឃើញទៀតថា លោក សម រង្ស៊ី អស់ផ្លូវហើយ ព្រោះមេបក្សប្រឆាំងរូបនេះខ្លាចគុក និងមិនហ៊ានចូលស្រុកឡើយ។ ជាយុទ្ធសាស្រ្តនយោបាយ នរណាក៏ដឹងដែរថា លោក សម រង្ស៊ី ត្រូវការលោក កឹម សុខា ដែលនៅក្នុងស្រុក ដើម្បីជួយខ្លួនក្នុងការ ប្រឈមជាក់ស្តែងជាមួយគណបក្សប្រជាជនកម្ពុជា និងអាចរកវិធីជួយខ្លួន ដើម្បីបានចូលស្រុកវិញ ហើយលោក កឹម សុខា ត្រូវការកម្លាំងនយោបាយរបស់ សម រង្ស៊ី និងគណបក្ស សម រង្ស៊ី ដើម្បីឡើងគ្រប់គ្រងបក្សប្រឆាំងនៅកម្ពុជា។
បើផ្អែកតាមប្រជាប្រិយភាពរបស់លោក កឹម សុខា និងបក្សសិទ្ធិមនុស្ស ទោះខំធ្វើ ១០ ទៅ ២០ ឆ្នាំទៀត ក៏នៅតែមិនអាចធ្វើប្រធានបក្សប្រឆាំងធំជាងគេនៅស្រុកខ្មែរដែរ ព្រោះទុនគាត់អន់ពេក ហើយកំលាំងនយោបាយរបស់បក្សសិទ្ធិមនុស្ស គឺបន្សល់កេរ្តិ៍មរតកពីបក្សនយោបាយរបស់លោកតា សឺន សាន ប៉ុណ្ណោះ។ ដូចនេះ កឹម សុខា គឺអ្នកនយោបាយឱកាសនិយម ដែលមើលឃើញច្បាស់ថា សម រង្ស៊ី លែងមានឱកាស ហើយគាត់អាចក្លាយជាប្រធានបក្សប្រឆាំង ជំនួសតំណែង សម រង្ស៊ី បានលើការជាក់ស្តែងនិយាយឲ្យខ្លីស្រួលស្តាប់ គឺលោក សម រង្ស៊ី ប្រធានបក្សសង្រ្គោះជាតិខ្យល់នៅស្រុកបារាំង ហើយលោក កឹម សុខា ប្រធានបក្សសង្រ្គោះជាតិ នៅស្រុកខ្មែរ។
ដូចនេះបើពិនិត្យឲ្យច្បាស់ទៅនរណាថា សម រង្ស៊ី ខ្លាំង បើគាត់ខ្លាំងគាត់មិនមែនសុខចិត្តទាំងថោកខ្លួនអោនក្បាលដាក់លោក កឹម សុខា នោះទេ ហើយគាត់យក ទាំងបក្សទៅថោកជាមួយលោក កឹម សុខា ទៀត។ ម៉េចបានជាហ៊ានថា ថោក ? ព្រោះបើរបស់ខ្លួនវាថ្លៃ ហើយបន្ទាបតម្លៃឲ្យស្មើរបស់ថោកជាង ប្រាកដជា ថោក ហើយ! sic ! ឥឡូវនេះមន្រ្តីបក្ស សម រង្ស៊ី ពីមុនត្រូវអោនក្បាលចំពោះមន្រ្តីខាងបក្សសិទ្ធិមនុស្ស។ នរណាហ៊ានបើលោក កឹម សុខា គឺជាប្រធានបក្សនៅស្រុកខ្មែរ។
លោក កឹម សុខា ក៏ចាប់ចំណុចខ្សោយលោក សម រង្ស៊ី បានយ៉ាងច្បាស់ដែរ៖
ទី១៖ លោក កឹម សុខា ដឹងច្បាស់ថា លោក សម រង្ស៊ី ខ្លាចគុក និងមិនហ៊ានចូលស្រុកឡើយ ដូចនេះលោក សម រង្ស៊ី ប្រាកដជាត្រូវការគាត់ និងមិនអាចខ្វះគាត់ នៅស្រុកខ្មែរឡើយ។
ទី២៖ ដោយសារតែលោក សម រង្ស៊ី ត្រូវការលោក កឹម សុខា ជាង ដូចនេះ លោក សម រង្ស៊ី មិនសូវហ៊ានជាមួយលោក កឹម សុខា ឬធ្វើឲ្យលោក កឹម សុខា មិនសប្បាយចិត្តដែរ។ និយាយរួមគឺលួងឲ្យលោក កឹម សុខា ដឹកនាំបក្សនៅស្រុកខ្មែរ។ គេចាំបានថា សូម្បីតែកូនស្រី កឹម សុខា ចេញមុខរិះគន់បុគ្គលលោក សម រង្ស៊ី ជាសាធារណៈក៏លោក សម រង្ស៊ី និងមន្រ្តីគ្រាក់ៗរបស់ សម រង្ស៊ី មិនហ៊ានក្អក ឬថាឲ្យកូនស្រី កឹម សុខា ដែរ ព្រោះខ្លាចលោក កឹម សុខា មិនសប្បាយចិត្ត។
ថ្មីៗនេះ លោក សម រង្ស៊ី តែងចេញមុខតែឯងប្រកាសជាញឹកញយដងថា សម្ព័ន្ធភាពគាត់និងកឹម សុខា នៅតែរឹងមាំនិងមិនអាចបំបែកបានឡើយ។ ការប្រកាសកាន់តែច្រើនបែបនេះ គេកាន់តែសង្ស័យអំពីសញ្ញានៃការបែកបាក់។ ប៉ុន្តែផ្ទុយទៅវិញលោក កឹម សុខា ហាក់មិនអើពើនិយាយពីរឿងនេះឡើយ គឺគិតតែពីប្រើសិទ្ធិអំណាចរបស់គាត់ ជាប្រធានបក្សដើម្បីរៀបចំបញ្ចូលកម្លាំងមន្រ្តីរបស់គាត់នៅថ្នាក់មូលដ្ឋាន ពិសេសរឿងរៀបចំបញ្ចីបេក្ខជនសមាជិកក្រុមប្រឹក្សា ឃុំសង្កាត់។ លោក សម រង្ស៊ី ក៏មិនហ៊ានធ្វើឲ្យលោក កឹម សុខា មិនសប្បាយចិត្តដែរ គឺបណ្តោយឲ្យលោក កឹម សុខា ធ្វើតាមចិត្តចុះ ដើម្បីយកចិត្តលោក កឹម សុខា ត្រង់ថ្នាក់ក្រោមរបស់ សម រង្ស៊ី ខាតបង់ប្រយោជន៍ខ្លះក៏មិនអីដែរ ហើយខ្សែ សម រង្ស៊ី ណែនាំគ្នាគាត់កុំឲ្យឈ្លោះជាមួយខ្សែ កឹម សុខា។
ទី៣៖ លោក កឹម សុខា ដឹងច្បាស់ថា ចង់គាត់យកភាគហ៊ុនបក្សប្រឆាំងពាក់កណ្តាល ឬឡើងគ្រប់គ្រងបក្សប្រឆាំងក៏លោក សម រង្ស៊ី មិនថា អីដែរ ព្រោះអ្វីដែលលោក សម រង្ស៊ី ខ្វល់ខ្លាំង និងយកចិត្តទុកដាក់ខ្លាំង គឺតំណែងរបស់គាត់។ នរណាក៏នៅចាំដែរថា នៅពេលរួមគ្នាបង្កើតគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា បានរៀបខសន្យានឹងគ្នាថា ពេលឈ្នះឆ្នោត គឺលោក សម រង្ស៊ី កាន់តំណែងនាយករដ្ឋមន្រ្តី ហើយលោក កឹម សុខា កាន់តំណែងប្រធានរដ្ឋសភា។ លោក សម រង្ស៊ី គិតនិងស្រឡាញ់តំណែងណាស់ ដោយរួមទាំងតំណែងនាយករដ្ឋមន្រ្តីឧទាហរណ៍ផង។
ក្នុងពេលថ្មីៗនេះ លោក សម រង្ស៊ី ដែលអស់តំណែងចេញពីរដ្ឋសភាហើយ ប៉ុន្តែនៅតែប្រកាសថា គាត់ជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា ដោយមិនព្រមឲ្យតំណែង នេះទៅលោក កឹម សុខា នោះទេ ព្រោះប្រធានក្រុមមតិភាគតិច មានឋានៈស្មើនាយករដ្ឋមន្រ្តី។ គិតទៅគាត់ពិតជាស្រឡាញ់ តែតំណែងខ្យល់ផស់គាត់មែន។ ត្រង់នេះ លោក សម រង្ស៊ី ចាញ់នយោបាយលោក កឹម សុខា ទៀតហើយ។ លោក កឹម សុខា ដឹងច្បាស់ណាស់ថា បក្សប្រឆាំងមិនអាចឈ្នះឆ្នោតបានអំណាចឡើយ ដូចនេះ ក្នុងស្ថានភាពនយោបាយចំពោះមុខលោក កឹម សុខា ប្រគល់តំណែងខ្យល់ ឬតំណែងឧទាហរណ៍នេះឲ្យទៅលោក សម រង្ស៊ី ហើយគាត់ចំណេញអ្វីៗដែលមានជាក់ស្តែង និងចំពោះមុខជាង។
ជាក់ស្តែង បន្ទាប់ពីគណបក្សសង្រ្គោះជាតិចូលរដ្ឋសភានៅក្នុងនីតិកាលទី ៥នេះ កាលណោះគេនាំគ្នាឆ្ងល់ថា ហេតុដូចម្តេចបានជាលោក សម រង្ស៊ី ដែលជាប្រធានបក្ស បែរជាធ្វើត្រឹមសមាជិកសភាធម្មតា ហើយ កឹម សុខា ដែលជាអនុប្រធានបក្ស បែរជាឡើងធ្វើអនុប្រធានរដ្ឋសភា គឺដោយព្រោះថា តំណែងនៅរដ្ឋសភា គឺកូតារបស់ កឹម សុខា។ ប៉ុន្តែគ្រប់គ្នាជឿថា កាលណាធ្វើនយោបាយ គឺពិតជាចង់បានអំណាច ពិសេសគឺចង់បានអំណាចនៅក្នុងរដ្ឋាភិបាល ដោយសារប្រទេសយើង ប្រកាន់យករបបសភានិយម។ លោក កឹម សុខា ក៏មិនខុសគ្នាអ្នកនយោបាយផ្សេងដែរ គឺប្រាកដជាមានមហិច្ឆតាអំណាចដូចគ្នា ប៉ុន្តែលោក កឹម សុខា ចេះមើលកាលៈទេសៈ និងចេះប្រើមនុស្ស ដោយប្រើរួមទាំងលោក សម រង្ស៊ី ដែរ ហើយធ្វើការតាមផែនការជាជំហានៗ។
ឥឡូវលទ្ធភាពនយោបាយដែលលោក កឹម សុខា មានគឺក្តោបក្តាប់អំណាចក្នុងបក្សប្រឆាំង និងរៀបចំមន្រ្តីរបស់ខ្លួនបញ្ចូលក្នុងក្នុងរចនាសម្ព័ន្ធអំណាចបក្ស នៅថ្នាក់មូលដ្ឋាន ព្រមទាំងអូសទាញកម្លាំងមន្រ្តីថ្នាក់ក្រោមរបស់លោក សម រង្ស៊ី ជាបណ្តើរៗ ចុងក្រោយគឺលក់ សម រង្ស៊ី តែម្តងយកចំណេញធំដោយខ្ទប់ សម រង្ស៊ី ឲ្យនៅក្រៅរហូត តាមរយៈរៀបផែនការសំងាត់ជាមួយគណបក្សប្រជាជន។ គ្រប់គ្នានៅចាំច្បាស់ព្រឹត្តិការណ៍ថ្ងៃទី២ ខែធ្នូ ដែលលោក កឹម សុខា ត្រូវបានលើកលែងទោស ដោយភ្ញាក់ផ្អើលស្រឡាំងកាំងគ្រប់គ្នា បូករួមទាំងលោក សម រង្ស៊ី ផង។
តើមានអ្នកណាម្នាក់ដឹងថា បុរសខ្លាំង ហ៊ុន សែន និងលោក កឹម សុខា ដាក់ខសន្យាជាមួយគ្នាយ៉ាងមិញខ្លះ ទើបឈានទៅដល់ការលើកលែងទោសឲ្យប្រធានបក្សស្តីទី ដែលកំពុងក្តោបក្តាប់អំណាចរូបនោះគេចផុតពីការផ្តន្ទាទោសតាមផ្លូវច្បាប់ ខណៈប្រធានគណបក្សលោក សម រង្ស៊ី នៅមានទោសយ៉ាងច្រើនករណីដដែល?
មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងកូតា សម រង្ស៊ី បានលួចខ្សឹបខ្សេវឲ្យដឹងថា នៅពេលនេះយុទ្ធសាស្រ្តដណ្តើមអំណាចល្បិចសាមកុករបស់លោក កឹម សុខា រួមគ្នាជាមួយបុរសខ្លាំងនៅកម្ពុជា ដើម្បីកំចាត់ទណ្ឌិត សម រង្ស៊ី ចេញពីជំរុំបក្សប្រឆាំងកំពុងទទួលបានផលផ្លែផ្កាបណ្តើរៗហើយ ស្របពេលលោក កឹម សុខា ក៏បានកំពុងស្រូបទាញប្រជាប្រិយភាពខ្លាំងទៅៗ នៅតាមមូលដ្ឋានថ្នាក់ក្រោមតាមបណ្តាខេត្តនានា។ សូម្បីឈ្មោះមន្រ្តីមួយចំនួនដែលនឹងត្រូវឈរឈ្មោះលេខរៀង សម្រាប់ការបោះឆ្នោត២០១៧-២០១៨ ខាងមុខ លោក កឹម សុខា ដែលកំពុងក្តាប់អំណាចបក្សក៏បានកំពុងសេរេដាក់សម្ព័ន្ធមិត្តរបស់គាត់ដែរ។
សមាជិកកូតា សម រង្ស៊ី ភាគច្រើនខកចិត្តយ៉ាងខ្លាំងចំពោះលោក សម រង្ស៊ី ដែលបំផ្លាញវប្បធម៌ សន្ទនានាពេលកន្លងមក ប៉ុន្តែពេលនេះលោក កឹម សុខា ហាក់បីដូចជា បានចាប់ផ្តើមវប្បធម៌នេះសារជាថ្មីម្តងទៀត ដែលវាជាការទាក់ទាញសកម្មជនបក្សកូតា សម រង្ស៊ី ឱ្យមកគាំទ្រលោក កឹម សុខា វិញ។ បញ្ហាត្រង់ថា គ្មានអ្នកណាដឹងថា មានអាថ៌កំបាំង ឬលក្ខខណ្ឌអ្វីខ្លះ នៅពីក្រោយការចរចាសុំលើកលែងទោសរវាង កឹម សុខា និងបុរសខ្លាំង ហ៊ុន សែន នោះទេ សូម្បីតែប្រធានបក្ស នេះអាចប្រហែលមកពីការចរចានេះផ្តល់មហន្តរាយដល់លោក សម រង្ស៊ី និងផ្តល់ប្រយោជន៍ខ្លាំងដល់លោក កឹម សុខា។
ចាប់តាំងពីថ្ងៃលោក កឹម សុខា ទទួលបានការលើកលែងទោស និងដណ្តើមតំណែងដ៏សំខាន់ ដោយទម្លាក់លោក សម រង្ស៊ី ចេញពីតួនាទីមក ភាពល្អូកល្អឺន ស្និទស្នាលដែលធ្លាប់មានចំពោះអ្នកទាំងពីរ ហាក់កំពុងឃ្លាតបណ្តើរៗ បើទោះបីលោក សម រង្ស៊ី បានប្រកាសពីក្រៅប្រទេសក្តែងៗតាមវិទ្យុបារាំងមកថា ការប៉ុនប៉ងបំបែកលោក កឹម សុខា ចេញពី សម រង្ស៊ី គឺជាការយល់សប្តិក៏ដោយ, តែការពិតប្រធានបក្សប្រឆាំងអត់អំណាចរូបនោះកំពុងលួងចិត្តខ្លួនឯង និងសមាជិករបស់ខ្លួនតែប៉ុណ្ណោះ។ សំណួរសួរថា តើលោក សម រង្ស៊ី អាចដឹងពីជម្រៅចិត្តដ៏ជ្រៅរបស់លោក កឹម សុខា ដែរទេ ? តើមានដឹងថា លោក កឹម សុខា ជាប់សន្យាអ្វីដ៏សំខាន់មួយជាមួយបុរសខ្លាំងទេ ? សំណួរទាំងនេះអាចនិយាយបានថា គឺគ្មានអ្វីដែល សម រង្ស៊ី ត្រូវដឹងនោះឡើយ។ ត្រង់ចំណុចយើងដឹងហើយថា មនុស្សម្នាក់មានចិត្តចង់បែក និងមនុស្សម្នាក់មានចិត្តចង់ត្រូវ តើអាចនៅជាមួយគ្នាទេ មិនយូរមិនឆាប់នឹងមានបញ្ហា?
តើលោក កឹម សុខា បច្ចុប្បន្នសំងំស្ងាត់ដើម្បីអ្វី ? បើតាមមន្រ្តីបក្សប្រឆាំងតូចតាចថ្នាក់ក្រោមម្នាក់បានលួចខ្សឹបប្រាប់ឲ្យដឹងថា លោកប្រធានស្តីទីដែលកំពុង គ្រប់គ្រងគណបក្សទាំងមូល បាននឹងកំពុងរៀបចំផែនការកសាងកម្លាំងថ្នាក់ក្រោមយ៉ាងស្ងាត់ស្ងៀមបំផុត ហើយប្រជាប្រិយរបស់លោកក៏បាននឹង កំពុងរីកលូតលាស់ ទៅយ៉ាងលឿន។ ចំណែកលោក សម រង្ស៊ី មិនអាចដឹកនាំគណបក្សបានសោះឡើយ ដោយកំពុងរត់គេចពីការតាមចាប់របស់កម្លាំងសមត្ថកិច្ចនៅក្រៅប្រទេស។
អ្នកនយោបាយរាសីខ្ពស់ និងកំពុងមានប្រជាប្រិយភាពនៅបក្សប្រឆាំងលោក កឹម សុខា ត្រូវបានគេមើលឃើញថា លោកជាអ្នកនយោបាយឱកាសនិយម ចំណេញគ្រប់រដូវកាល ដោយប្រើទុនតែ ៣ អាសនៈប៉ុណ្ណោះ។ តើនៅពេលខាងមុខបក្សប្រហារទម្លាក់ សម រង្ស៊ី អាចនឹងកើតមានទេ ? ដូចពាក្យស្លោកចិននិយាយថា «សត្រូវនឹងមិត្តភក្រ្តគឺប្រែប្រួលរហូត សត្រូវថ្ងៃនេះអាចក្លាយជាមិត្តភក្រ្ត, មិត្តភក្រ្តនៅថ្ងៃនេះក៏អាចក្លាយជាសត្រូវនៅថ្ងៃស្អែក»។
ភាពជោគជ័យរបស់អ្នកនយោបាយចេះបត់បែន និងមានរាសីខ្ពស់ កឹម សុខា នេះ តាមទស្សនៈរបស់ខ្ញុំវិភាគឃើញថា លោក កឹម សុខា នឹងក្លាយជា មេបក្សសង្គ្រោះជាតិជំនួសទណ្ឌិត សម រង្ស៊ី នាពេលខាងមុខ ព្រោះខណៈនេះ សម រង្ស៊ី មានទោសព្រហ្មទណ្ឌជាប់ខ្លួនច្រើនករណី គ្មានសិទ្ធិធ្វើនយោបាយទៀតទេ។ ការលើកលែងទោសឱ្យលោក កឹម សុខា វាជាចំណុចខ្លាំង ព្រោះអនុញ្ញាតឱ្យគាត់អាចធ្វើនយោបាយសារជាថ្មី មានប្រៀបខ្លាំងជាងទណ្ឌិត សម រង្ស៊ី។
ទោះបីយ៉ាងណាជីវិតនយោបាយគ្មានអ្វីទៀងទាត់ទេ ចុងក្រោយលោក សម រង្ស៊ី អាចលក់លោក កឹម សុខា វិញ ដើម្បីជាថ្នូរចូលស្រុកវិញ។ ដូចករណីលោក សម រង្ស៊ី ធ្លាប់លក់សម្តេចក្រុមព្រះ ដោយចូលស្រុកវិញ និងកែរដ្ឋធម្មនុញ្ញពីការបង្កើតរដ្ឋាភិបាលដោយសំឡេង ភាគច្រើនពីរភាគបី ទៅជាបង្កើតរដ្ឋាភិបាលដោយសំឡេង ភាគច្រើនដាច់ខាត ៥០% បូកមួយ៕
ដោយ៖ នាយកំសត់