(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧នេះ ក្រសួងការពារជាតិ បានរៀបចំពិធីបញ្ជូនទ័ពមួកខៀវចំនួន១៨៤នាក់ ទៅចូលរួមបំពេញបេសកកម្មថែរក្សាសន្តិភាពតាមរយៈអង្គការសហប្រជាជាតិនៅប្រទេសលីបង់។
ពិធីជូនដំណើរនោះ បានធ្វើឡើងក្រោមវត្តមាន នាយឧត្តមសេនីយ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ។
កងកម្លាំងវិស្វកម្មដែលត្រូវបញ្ជូននាពេលនេះ គឺត្រូវទៅប្តូរវេនជាមួយកងវិស្វកម្មលេខ៩៣៦ សរុប១៨៤នាក់ និងកងពេទ្យកំរិត២ លេខ៩០៨ ចំនួន៧៩នាក់ ដែលបានបញ្ចប់បេសកកម្មរយៈពេល១ឆ្នាំ រួចហើយ នឹងត្រលប់មកកាន់មាតុប្រទេសវិញនៅថ្ងៃទី៦ ខែមករាខាងមុខនេះ។
គិតរហូតដល់ពេលនេះ មានរយៈពេល១០ឆ្នាំហើយ ដែលកម្ពុជាបានចុះអនុស្សារណយោគយល់គ្នាជាមួយអង្គការសហប្រជាជាតិ ក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិសុខតាមរយៈអង្គការនេះ ទៅជួយដល់ប្រទេសមួយចំនួនលើសកលលោក។
តាំងពីឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០១៦ ការបញ្ជូនកម្លាំងចំនួន ៣,៥៥៧នាក់ តាមរយៈអង្គការសហប្រជាជាតិនេះ ដើម្បីបំពេញការងារនៅលើសកលលោក ហើយខណៈពេលនេះ កងកម្លាំងរបស់កម្ពុជា ៧១៧នាក់ (ស្រី៥៧នាក់) ដែលក្នុងនោះមាន កម្លាំងវិស្វកម្ម (ដោះមីន) ពេទ្យ និងអាវុធហត្ថ កំពុងបំពេញបេសកកម្មសង្រ្គោះនៅប្រទេស៤ រួមមាននៅប្រទេសម៉ាលី លីបង់ អាហ្វ្រិកកណ្តាល និងស៊ូដង់ខាងត្បូង ជាដើម៕