(ភ្នំពេញ)៖ នៅម៉ោង៨៖០០នាទីព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧នេះ ព្រឹទ្ធសភា បានចាប់ផ្តើមបើក កិច្ចប្រជុំវិសាមញ្ញមួយ ដើម្បីពិភាក្សា និងឱ្យយោបល់ ទៅលើសេចក្តីព្រាងស្តីពីវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក។
កិច្ចប្រជុំវិសាមញ្ញនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក នៃ ប៉េណា អនុប្រធានទី១ នៃព្រឹទ្ធសភា ដោយមានសមាជិកព្រឹទ្ធសភា៤៩នាក់។
ចំណុចមួយចំនួន នៅក្នុងច្បាប់ចរាចរណ៍ ដែលត្រូវបានលើកយកមកធ្វើវិសោធនកម្មពេលនេះ រួមមានដូចជា មាត្រា៨ មាត្រា៤១ មាត្រា៤៧ មាត្រា៤៨ មាត្រា៧៥ មាត្រា៧៧ មាត្រា៨២ និងមាត្រា៩០នៃច្បាប់ចរាចរណ៍ផ្លូវគោក។
ការសម្រេចកែប្រែច្បាប់ចរាចរណ៍ឡើងវិញ ត្រូវបានរាជរដ្ឋាភិបាលអះអាងថា ធ្វើឡើងតាមសំណូមពររបស់ប្រជាពលរដ្ឋ ដែលជួបការលំបាក បន្ទាប់ពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រូវបានដាក់ឱ្យអនុវត្ត តាំងពីដើមឆ្នាំ២០១៦៕