(ភ្នំពេញ)៖ បន្ទាប់ពីគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតដំបូង និងបញ្ជីឈ្មោះដែលត្រូវលុបចេញ ពីបញ្ជីឈ្មោះបោះឆ្នោត នៅតាមសាលាឃុំ-សង្កាត់ទូទាំងប្រទេស នៅថ្ងៃម្សិលមិញរួចមក ចាប់ពីថ្ងៃទី០៤នេះ រហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ គ.ជ.ប បានទុកឱកាសឲ្យប្រជាពលរដ្ឋធ្វើការដាក់ពាក្យប្ដឹងតវ៉ា និងប្ដឹងជំទាស់ទៅក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រសិនបើមានបញ្ហាណាមួយ ឬពិនិត្យមិនឃើញមានទិន្នន័យឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតដំបូងនោះ។
សូមបញ្ជាក់ថា គ.ជ.ប បានចេញសេចក្ដីប្រកាសឲ្យដឹងថា ខ្លួនបានលុបទិន្នន័យឈ្មោះចំនួន ២,៧៣៧នាក់ ជាស្ថាពរ ដោយអះអាងថា ទិន្នន័យឈ្មោះទាំងអស់នេះ មានឈ្មោះសល់ពីការចុះឈ្មោះសាកល្បង និងមានការផ្ទេរការិយាល័យក្នុងឃុំ-សង្កាត់ និងដោយសារតែអ្នកចុះឈ្មោះទាំងនេះ ពុំមានឯកសារគ្រប់គ្រាន់ តាមនីតិវិធីរបស់ គ.ជ.ប ហើយពេលនេះ គ.ជ.ប ក៏គ្រោងនឹងលុបឈ្មោះ ៨,៣៤៦នាក់ បន្ថែមទៀត បើសិនជាគ្មានការតវ៉ាអំឡុងពេល ១០ថ្ងៃ តាមការកំណត់។
បញ្ជីឈ្មោះបោះឆ្នោតដំបូងនេះ បងប្អូនប្រជាពលរដ្ឋក៏អាចចូលទៅពិនិត្យបានដែរ តាមរយៈគេហទំព័ររបស់ គ.ជ.ប គឺ http://www.voterlist.org.kh តែបើពីនិត្យមិនឃើញមាន ទិន្នន័យឈ្មោះក្នុងបញ្ជីឈ្មោះទេនោះ បងប្អូនត្រូវដាក់ពាក្យបណ្ដឹងភ្លាម ទៅក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបងប្អូនបានទៅចុះឈ្មោះបោះឆ្នោត កាលពីពេលកន្លងទៅ ដើម្បីធ្វើការដោះស្រាយជាបន្ទាប់ ចៀសវាងផុតកំណត់១០ថ្ងៃ និងដើម្បីទទួលបាបសិទ្ធិពេញលេញ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។
សូមជម្រាបថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ រយៈពេលមួយថ្ងៃគត់។
ហេតុដូច្នេះ ដើម្បីទទួលបានសិទ្ធិពេញលេញ ក្នុងការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ សូមបងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត និងបានទៅចុះឈ្មោះបោះឆ្នោត កាលពីពេលកន្លងទៅ សូមអញ្ជើញទៅពិនិត្យទិន្នន័យឈ្មោះរបស់ខ្លួន ឲ្យបានគ្រប់ៗគ្នា និងហ្មត់ចត់បំផុត ដើម្បីប្រាកដថាទិន្នន័យឈ្មោះរបស់បងប្អូន មានក្នុងបញ្ជីឈ្មោះបោះឆ្នោតដំបូងនោះ ហើយត្រូវដាក់ពាក្យបណ្ដឹងភ្លាមៗទៅក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រសិនបើមានបញ្ហាណាមួយ ក្នុងទិន្នន័យឈ្មោះរបស់ខ្លួន ដាច់ខាតកុំឲ្យផុតរយៈពេល ១០ថ្ងៃ ដែល គ.ជ.ប បានកំណត់៕