(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ ស្អែកនេះ សាលាឧទ្ធរណ៍ នឹងបើកសវនាការសំណុំរឿង លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ដែលបានប្តឹងជំទាស់នឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលផ្តន្ទាទោសដាក់ពន្ធនាគារ៧ឆ្នាំ ពាក់ព័ន្ធបទល្មើសក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម ។ នេះបើតាមការអះអាងរបស់មេធាវី លោក ហុង សុខហួរ។
មេធាវីការពារក្ដី លោក ហុង សុខហួរ គឺលោក សំ សុគង់ បានបញ្ជាក់ថា សវនាការលោក ហុង សុខហួរ នឹងចាប់ផ្ដើមនៅថ្ងៃទី៥ ខែមករា វេលាម៉ោង៨ព្រឹក ។ សវនាការនេះ ដឹកនាំដោយលោក សេង ស៊ីវុត្ថា អនុប្រធានសាលាឧទ្ធរណ៍។
លោក ហុងសុខហួរ ត្រូវបានតុលាការចោទប្រកាន់ចំនួន៣បទល្មើស រួមមានបទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និង បទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធការក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម បង្ហោះក្នុងផេកហ្វេសប៊ុករបស់ លោក សម រង្ស៊ី។
សូមបញ្ជាក់ថា សម្រាប់សំណុំរឿងនេះ តុលាការក៏បានកាត់ទោស លោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគារ៥ឆ្នាំ និងជំនួយការរបស់លោក ២នាក់ទៀត ឱ្យជាប់ពន្ធនាគារ៥ឆ្នាំ ប៉ុន្តែអនុវត្តទោសតែ៣ឆ្នាំ ផងដែរ៕