(ភ្នំពេញ)៖ អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានជ្រើសរើសជាឯកច្ឆន្ទយកប្រទេសកម្ពុជា ធ្វើជាប្រធានសម្របសម្រួលក្រុមប្រ ទេសអភិវឌ្ឍន៍តិចតួច (LDCs) ដែលមានសមាជិកចំនួន ៣៦ប្រទេស និងសមាជិកសង្កេតការណ៍ចំនួន ៨ប្រទេសផ្សេងទៀត សម្រាប់អាណត្តិឆ្នាំ២០១៧ ដល់ឆ្នាំ២០១៨។ ការសម្រេចនេះ បានធ្វើឡើងកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ បន្ទាប់អង្គការ WTO មើលឃើញប្រទេសកម្ពុជា ជាប្រទេសមានវឌ្ឍនភាពល្អប្រសើរលើការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងការរក្សាបានកំណើនសេដ្ឋកិច្ចជាមធ្យម ៧ភាគរយរៀងរាល់ឆ្នាំក្នុងមួយទសវត្សចុងក្រោយនេះ។
ក្នុងសារលិខិតជូនជនរួមជាតិសម្តែងក្តីអបអរសាទរជាមួយមោទនភាពថ្មីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានគូសបញ្ជាក់ថា ជាមួយតួនាទីនេះ កម្ពុជាត្រូវមានកាតព្វកិច្ចដឹកនាំប្រទេសអភិវឌ្ឍន៍តិចតួចទាំងអស់ ទៅចរចាទាញយកអត្ថប្រយោជន៍ខាងវិស័យពាណិជ្ជកម្មឲ្យទទួលបានជោគជ័យ នៅក្នុងសន្និសីទថ្នាក់រដ្ឋមន្រ្តីលើកទី១១ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៤ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងប៊ូអេណូស អែររេស ប្រទេសអាហ្សង់ទីន។
ក្នុងនាមជាប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ដែលមានលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មជាអ្នកដឹកនាំដោយផ្ទាល់នោះ កម្ពុជា ក៏អាចសហការជាមួយប្រទេសអភិវឌ្ឍតិចតួច ចរចាលើការបង្កើតគោលនយោបាយពាណិជ្ជកម្មថ្មីៗបន្ថែម សំ ដៅបម្រើឧត្តមប្រយោជន៍ពហុវិស័យរួមគ្នាដូចជា៖ កិច្ចសម្រួលពាណិជ្ជកម្ម ជំនួយសម្រាប់ពាណិជ្ជកម្ម កម្មសិទ្ធិបញ្ញា ការវិនិយោគ ការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងការបណ្តុះបណ្តាលធនធានមនុស្សជាដើមល។ល។ ដែលជាបច្ច័យអំណោយផល ដល់ការធ្វើពិពិធកម្មវិស័យសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅតាមបណ្តាប្រទេសអភិវឌ្ឍតិចតួច។
ក្នុសារលិខិតដដែលនេះសម្តេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងដែរថា ក្នុងតួនាទីនេះ កម្ពុជា ក៏អាចបង្ហាញជូនអន្តរជាតិនូវគោលនយោ បាយអភិវឌ្ឍន៍ ដ៏ត្រឹមត្រូវរបស់កម្ពុជា។ ការរួមចំណែករបស់កម្ពុជា ក៏នឹងជួយតភ្ជាប់រវាងគោលនយោបាយសមាហរណកម្មពិភពលោក និងការអភិវឌ្ឍន៍ក្នុងតំបន់ ដើម្បីថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ និងអភិវឌ្ឍន៍។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ប្រសិនបើការចរចាសម្របសម្រួលក្នុងសន្និសីទថ្នាក់រដ្ឋមន្រ្តីលើកទី១១ នៅចុងឆ្នាំ២០១៧ ទទួលបានជោគជ័យនឹងធ្វើឲ្យសេដ្ឋកិច្ចពិភពលោកមានស្ថេរភាព និងជួយលើកតម្កើងថែមទៀតនូវកិត្តិស័ព្ទ និងកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានប្តេជ្ញាថា នឹងខិតខំឲ្យអស់ពីលទ្ធភាព ដើម្បីបំពេញតួនាទីជាប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួចប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពក្នុងដំណើរការចរចាសមាហរណកម្មសេដ្ឋកិច្ចក្នុងក្របខណ្ឌពិភពលោក។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ឲ្យចូលរួមឲ្យបានសកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីបំពេញតួនាទីជាប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួចក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ឲ្យមានប្រសិទ្ធភាពខ្ពស់សម្រាប់ជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា៕