(ភ្នំពេញ)៖ ប្តី២នាក់ ប្រពន្ធ គឺលោក ឃួន នួន អាយុ៧២ឆ្នាំ និងអ្នកស្រី ខឹម ចន្ថា អាយុ៦២ឆ្នាំ បានស្វែងរកការជួយអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដល់កូនស្រីរបស់ខ្លូន ដែលត្រូវប្តីរបស់នាង ជាជនជាតិអាល្លឺម៉ង់ ប្តឹងទៅសមត្ថកិច្ចក្រសួងមហាផ្ទៃ ចាប់ខ្លួន ហើយបានបញ្ជូនទៅតុលាការ រហូតត្រូវបានចៅក្រមសម្រេចចេញដីកាដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន កាលពីប៉ុន្មានថ្ងៃមុននេះ។
យោងតាមលិខិតមួយច្បាប់របស់ប្តីប្រពន្ធ ដែលមានវ័យចំណាស់ទៅហើយនោះ បានរៀបរាប់ថា កាលរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃ បានចាប់ខ្លួនកូនស្រី ឈ្មោះ នួន ច័ន្ទមករា របស់ពួកយកទៅសួរចម្លើយ ហើយក៏បញ្ជូនទៅតុលាការ រហូតចៅក្រមសម្រេចឃុំខ្លួនដាក់ពន្ធនាគារ។
ពួកគាត់បន្តទៀតថា កូនស្រីរបស់ពួកគេ បានរៀបការជាមួយបុរសជនជាតិអាល្លឺម៉ង់ តាមប្រពៃណីកាលពីឆ្នាំ២០១៣ ដោយបង្កើតបានកូន២នាក់ (កូនបងស្លាប់) លុះដល់ដើមឆ្នាំ២០១៦ ស្រាប់តែការរស់នៅជាមួយគ្នា មិនចុះសំរុង ហើយប្តីក៏បានប្តឹង ទៅសមត្ថកិច្ចចាប់ខ្លួន និងត្រូវតុលាការឃុំខ្លួនតែម្តង ដោយអយុត្តិធម៌។
ពួកគាត់ បានថ្លែងថា «សូមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា មេត្តាជួយផ្តល់យុត្តិធម៌ដល់គ្រួសារខ្ញុំ និងព្រហ្មវិហារធម៌ប្រោសប្រណីដល់កូនស្រីខ្ញុំ បាននៅក្រៅឃុំដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក តុប ឈុនហេង បានចេញដីកាសម្រេចឃុំខ្លួនស្រ្តីម្នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទ ប្រកាន់ ពីបទ «ក្លែងបន្លំឯកសារ និងលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន»។ ពោលស្រី្តរូបនេះ បានលួចក្លែងឯកសារលួចលក់ដីក្រុមហ៊ុនបរទេសជាង១០០០ហិកតា នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីឆ្នាំ២០១៤ ដែលមានប្រធានក្រុមហ៊ុនជាជនអាល្លឺម៉ង់។
មន្រ្តីតុលាការបានឲ្យដឹងថា ជនជាប់ចោទដែលតុលាការឃុំខ្លួនឈ្មោះ នួន ច័ន្ទមករា អាយុ៣៨ឆ្នាំ មានទីលំនៅផ្ទះលេខ៩៨C ផ្លូវលេខ៦០៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមមន្រ្តីតុលាការ ដើមបណ្ដឹងក្នុងសំណុំរឿងព្រហ្មទណ្ឌនេះឈ្មោះ Rainer Maria wollny អាយុ៦០ឆ្នាំ ជនជាតិអាល្លឺម៉ង់ ជាប្រធានក្រុមហ៊ុន «ដែលតាដាប់បែល យូត្រេឌីង» ដែលបានចុះបញ្ជីពាណិជ្ជកម្មស្របច្បាប់នៅក្រសួងពាណិជ្ចកម្មតាំងពីឆ្នាំ២០០៤៕