(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ទទួលបានបណ្ណសរសើរ ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបានបំពេញភារកិច្ចរឹតបន្ដឹងអនុវត្តច្បាប់ ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ទទួលបានលទ្ធផលល្អប្រសើរប្រចាំឆ្នាំ២០១៦ ពោលគឺកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍បានច្រើនជាងគេ។
នេះបើតាមការបញ្ជាក់ពី លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល ប្រាប់អង្គភាព Fresh News នៅយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧។ បើតាមលោកស្នងការ ការទទួលបណ្ណសរសើរពីសម្ដេចក្រឡាហោម ស ខេង ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលត្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅនាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦។
តាមរបាយការណ៍ ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តកណ្ដាល គិតពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ កើតឡើងចំនួន១៨៤/៣១២លើក ថយចុះ១២៨លើក, កម្រិតធ្ងន់ចំនួន៩៨/១៥២លើក ថយចុះ៥៤លើក, បណ្ដាលឲ្យស្លាប់ចំនួន១១៣/១៧១នាក់ ថយចុះ៥៨នាក់ និងរបួសធ្ងន់ចំនួន១៩៤/៣០០នាក់ ថយចុះ១០៦នាក់៕