(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ រួមជាមួយកម្លាំងនគរបាលខេត្តបន្ទាយជ័យ និងកម្លាំងនគរបាលខេត្តមណ្ឌលគិរី បានបន្ដប្រតិបតិ្ដការចាប់ជនជាតិវៀតណាម១៩នាក់ ដែលចូលមករស់នៅ និងធ្វើការដោយគ្មានច្បាប់អនុញ្ញាត នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧នេះ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលអន្ដោប្រវេសន៍ ឃាត់បានជនជាតិវៀតណាម១៩នាក់ ក្នុងនោះ៣នាក់។
លោកឧត្តមសេនីយ៍ទោ បញ្ជាក់ថា ក្នុងចំណោមជនជាតិវៀតណាមទាំងអស់នេះ ១០នាក់ឃាត់សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ, ៧នាក់ឃាត់ខ្លួនដោយ កម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និង២នាក់ ឃាត់ខ្លួនដោយកម្លាំងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។
ក្រោយឃាត់ខ្លួន ជនជាតិវៀតណាមទាំងអស់នេះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ។
សូមបញ្ជាក់ថា រយៈពេល១២ខែក្នុងឆ្នាំ២០១៦ កម្លាំងនគរបាល នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីនាយឧត្តមសេនីយ៍ សុខ ផល បានបើកប្រតិបត្តិការចាប់ខ្លួនជនបរទេស និងបណ្ដេញចេញពីប្រទេសកម្ពុជា មានចំនួន៣,៣៧៦នាក់ ក្នុងនោះស្រី ៧៣៨នាក់ ស្មើនឹង៦៣សញ្ជាតិ ពីបទលួចឆ្លងដែន ស្នាក់នៅដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន បង្កសកម្មភាពប៉ះពាល់ដល់សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម និងរត់គេចមកសំងំលាក់ខ្លួន ពីការតាមចាប់របស់ប្រទេសដទៃ (និវេទក្រហម)៕