(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានប្រកាសព័ត៌មានឲ្យដឹងថា ខ្លួននឹងលុបឈ្មោះ អ្នកបោះឆ្នោត ចេញពីបញ្ជីបោះឆ្នោត ចំនួន៨,៣៤៦នាក់បន្ថែមទៀត បើគ្មានការតវ៉ា និងដាក់ពាក្យបណ្តឹងក្នុងរយៈពេល១០ថ្ងៃ នៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង គិតចាប់ពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧នេះ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧នេះថា រហូតដល់ពេលនេះ គ.ជ.ប បានលុបឈ្មោះអ្នកចុះឈ្មោះបោះឆ្នោតបាន២,៧៣៧នាក់រួចរាល់ហើយ ដោយ គ.ជ.ប សំអាងថា អ្នកទាំងអស់នោះមានឈ្មោះសល់ពីការចុះឈ្មោះសាកល្បង និងមានការផ្ទេរការិយាល័យក្នុងឃុំ-សង្កាត់ និងដោយសារតែ អ្នកចុះឈ្មោះទាំងអស់ នោះពុំមានឯកសារគ្រប់គ្រាន់តាមនីតិវិធីរបស់គ.ជ.ប ហើយពេលនេះគ.ជ.ប ក៏គ្រោងនឹងលុបឈ្មោះ ៨,៣៤៦នាក់បន្ថែមទៀត បើសិនជាគ្មានការតវ៉ាអំឡុងពេល១០ថ្ងៃតាមការកំណត់។
លោកថា ប្រសិនបើអ្នកចុះឈ្មោះបោះឆ្នោត មានបញ្ហាណាមួយកើតឡើង សូមប្រញាប់ទៅដាក់ពាក្យបណ្តឹង និងតវ៉ានៅតាមការិយាល័យរៀងៗខ្លួន ដើម្បីបានឈ្មោះសម្រាប់ ការចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។
គួរបញ្ជាក់ថា នៅថ្ងៃដំបូងនៃការបិទផ្សាយបញ្ជីបោះឆ្នោតចំនួន៧,៨៦៤,៤២៩នាក់ និងបញ្ជីឈ្មោះអ្នកដែលត្រូវលុបចោលពីបញ្ជីបោះឆ្នោតតាមឃុំ និងសង្កាត់ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧នេះ គ.ជ.ប នៅមិនទាន់បើកទទួលពាក្យបណ្តឹងនៅឡើយទេ ការបើកទទួលការតវ៉ា និងពាក្យបណ្តឹងនឹងធ្វើឡើង នៅថ្ងៃស្អែក។
ប្រជាពលរដ្ឋទាំងអស់ដែលបានទៅចុះឈ្មោះបោះឆ្នោត អាចទៅពិនិត្យ មើលឈ្មោះ និងផ្ទៀតផ្ទាត់ទិន្នន័យរបស់ខ្លួន នៅឃុំសង្កាត់ ចំនួន១៦៣៣ ទូទាំងប្រទេសកម្ពុជាចាប់ពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧នេះតទៅ៕