(ភ្នំពេញ)៖ លោក ស្រី ចាន់ ជាមន្ត្រីជនពិការ ពិការជើងប៉ូរីយោ ដែលតែងទទួលបានការយកចិត្តទុកដាក់ពី រាជរដ្ឋាភិបាលកម្ពុជា រហូតបានទទួលការតែងតាំងពីព្រះមហាក្សត្រ នៃកម្ពុជា ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ មានឋានៈស្មើអគ្គនាយក តាមសំណើររបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ។
ជាមួយនឹងការតែងតាំងនេះ លោក ឯម ច័ន្ទមករា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានសម្ដែងនូវការសាទរ ចំពោះលោក ស្រី ចាន់ ដែលបានទទួលនូវតំណែងនេះ។ លោក ឯម ច័ន្ទមករា ថ្លែងថា «ខ្ញុំពិតជាមានសេចក្តីសប្បាយរីករាយ ដោយបានឃើញជនពិការកម្ពុជា ទទួលបានមុខតំណែងខ្ពង់ខ្ពស់ ក្នុងស្ថាប័នជាតិមួយនេះ។ ទាំងនេះ គឺពិតជាបានបង្ហាញឲ្យឃើញយ៉ាងច្បាស់អំពី ការលើកកម្ពស់សិទ្ធិ និងការចូលរួមរបស់ជនពិការនៅកម្ពុជា ស្របតាមច្បាប់ស្តីពី កិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពីសិទ្ធិជនពិការ យ៉ាងពិតប្រាកដ»។
បន្ថែមពីនេះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងអំណរគុណដល់ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលបានលើកសំណើរទៅរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាការលើកទឹកចិត្ត ដល់មន្ត្រីរាជការដែលមានពិការភាព ហើយមានសមត្ថភាព អាចបំពេញមុខតំណែងដ៏ល្អ ក្នុងស្ថាប័ននៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ៕