(ភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦នេះ ទាំងអ្នកនយោបាយ ទាំងមន្រ្តីរាជការ និងប្រជាពលរដ្ឋធម្មតា បានទៅពិនិត្យមើលឈ្មោះរបស់ខ្លួន នៅតាមមូលដ្ឋានឃុំ/សង្កាត់នានា ឬនៅលើកគេទំព័រ គ.ជ.ប ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតនៅខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។
អ្នកនយោបាយតូចធំជាច្រើន បានសម្តែងទឹកចិត្តរីករាយ បន្ទាប់ពីឃើញឈ្មោះរបស់ពួកគាត់ នៅលើគេហទំព័រ គ.ជ.ប (http://www.voterlist.org.kh) ឬនៅតាមសាលាឃុំ/សង្កាត់ក្នុងមូលដ្ឋានដែលពួកគេចុះឈ្មោះ។ ជាក់ស្តែង លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានស្វាគមន៍ចំពោះ បញ្ជីឈ្មោះបោះឆ្នោតថ្មីនេះ ដោយប្រកាសថា លោកបានរកឃើញឈ្មោះរបស់លោក ក្នុងបញ្ជីឈ្មោះបោះឆ្នោតថ្មីហើយ ដោយមានភាពត្រឹមត្រូវទាំងឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងលេខកូដអត្តសញ្ញាណផងដែរ។
ទោះជាយ៉ាងណា នៅក្នុងបញ្ជីឈ្មោះបោះឆ្នោតថ្មីនេះ មិនមានឈ្មោះ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិនោះទេ។ ការមិនមានឈ្មោះនេះ ដោយសារតែ លោក សម រង្ស៊ី ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសមិនអនុញ្ញាតឱ្យលោកចុះឈ្មោះបោះឆ្នោតឡើយ ដោយសារតែលោកស្ថិតនៅជាទណ្ឌិត ដែលបាត់បង់នូវបុព្វសិទ្ធិគ្រប់បែបយ៉ាង។
លោក សម រង្ស៊ី ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំ ពាក់ព័ន្ធនឹងករណីចោទប្រកាន់ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ហើយបង្គាប់ឱ្យ សមត្ថកិច្ចចាប់ខ្លួន។ ជាមួយគ្នានេះ កាលពីពេលថ្មីៗកន្លងទៅ លោកក៏ត្រូវបានតុលាការក្រុងភ្នំពេញ កាត់ទោសឱ្យជាប់ពន្ធនាគារ៥ឆ្នាំថែមទៀត ពាក់ព័ន្ធនឹងករណីក្លែងឯកសារព្រំដែនកម្ពុជា-វៀតណាម ជាមួយនឹង លោក ហុង សុខហួរ។
សូមបញ្ជាក់ថា គ.ជ.ប ចាប់ផ្តើមបិទផ្សាយបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មីចាប់ពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧។ ក្នុងអំឡុងពេលបិទផ្សាយនេះ គ.ជ.ប ក៏បើកឱកាសឲ្យប្រជាពលរដ្ឋ ក៏ដូចជាគណបក្សនយោបាយប្តឹងជំទាស់លើករណីរកមិនឃើញឈ្មោះ ឬ រកឃើញភាពមិនប្រក្រតីណាមួយផងដែរ៕