(ភ្នំពេញ)៖ ឧកញ៉ា ម៉ុង ឫទ្ធី ប្រធានក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប បានប្រកាសប្រាប់សាធារណជនឲ្យប្រយ័ត្នចាញ់បោកជនឆបោកមួយចំនួន ដែលកំពុងដើរបំផុសលក់ដីឡូតិ៍ ដោយបានអះអាថា ជាគម្រោងរបស់ក្រុមហ៊ុនរបស់លោកឧកញ៉ា។
ការអះអាងរបស់ឧកញ៉ា ម៉ុង ឫទ្ធី បានធ្វើឡើង ក្រោយពេលមនុស្សមួយក្រុមមានគណនី Facebook ឈ្មោះ «New Generation» បានផ្សព្វផ្សាយលក់ដីឡូតិ៍ពុះលក់ ដោយអះ អាងថា ជាគម្រោងរបស់ឧកញ៉ា ម៉ុង ឫទ្ធី។
ក្រុមជនដែលលោកឧកញ៉ា ម៉ុង ឫទ្ធី ហៅថាជា ជនបោកប្រាស់នេះ បានសរសេរលើទំព័រ Facebook របស់ពួកគេអមដោយរូបភាពឧកញ៉ា ម៉ុង ឫទ្ធី ថា «នេះជាការចុះ ទស្សនកិច្ចជាមួយក្រុមការងារសម្រាប់គម្រោងថ្មី ដីឡូតិ៍ពុះលក់គម្រោងទី៥ មានចំនួន១០០០ឡូតិ៍ យើងខ្ញុំធ្វើតាមសំណើររបស់អតិថិជនដែលស្នើសុំមកក្រុមហ៊ុន យើងខ្ញុំចង់បានតំលៃធូរថ្លៃមកដល់ហើយមានគ្រប់ទំហំ សូមទំនាក់ទំនងមកដើម្បីទទួលបានប្លង់ល្អៗ ០៩៩ ៧៧ ០៦ ០៦ និង០៩៨ ៧៧ ០៦ ០៦»។
ឧកញ៉ា ម៉ុង ឫទ្ធី បានអះអាងនៅលើទំព័រ Facebook របស់លោកនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ ថា «សូមមេត្តាប្រុងប្រយ័ត្នអានេះបោកប្រាស់ទាំងរស់ ខ្ញុំអត់មានគម្រោងនេះទេ កុំចាញ់ការឃោសនានេះឲ្យសោះ»៕