(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ឲ្យដឹងថា ឈរលើស្មារតីម្ចាស់ការ និងគំនិតច្នៃ បង្កើតក្នុង ការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិនៅកម្ពុជា ក្រសួងបរិស្ថានសូមស្វាគមន៍និងបើកទូលាយឱ្យមានការចូលរួមឧបត្ថម្ភគាំទ្រពីគ្រប់មជ្ឈដ្ឋានក្នុងភាពជាដៃគូ ដើម្បីសម្រេចឱ្យបានជោគជ័យនូវបំណងជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកសាងសង្គម កម្ពុជាមួយ ដែលមានភាពបៃតង បរិស្ថានល្អស្អាត និងភាពសុខដុមរមនា សម្រាប់ប្រជាជនគ្រប់រូប និងគ្រប់ៗជំនាន់។
លោក សាយ សំអាល់ បានបន្តថា ជារួមទាំងភាគីកម្ពុជា និងភាគីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ហៅកាត់ថា UNDP ប្រចាំ នៅកម្ពុជា បានឯកភាពជាគោលការណ៍ក្នងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ លើវិស័យបរិស្ថានឱ្យកាន់តែប្រសើរឡើងថែមទៀត។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអះអាងបែបនេះ ខណៈលោកបានអនុញ្ញាតឱ្យលោក Nick Beresford នាយកកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍទីក្រុងដោយនិរន្តរភាព ស្របតាមគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់សហប្រជាជាតិ នៅរសៀល ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧នេះ ។
លោករដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍ និងជម្រាបជូនភ្ញៀវអំពីស្ថានភាព និងវឌ្ឍនភាពការងាររបស់ក្រសួងបរិស្ថាន ដោយបានរំលេចឱ្យឃើញនូវសមិទ្ធផលនានាកើតចេញពីការធ្វើទំនើបកម្មស្ថាប័នផងដែរ៕