(រតនគិរី)៖ លោក ឆាយ ធី សកម្មជនសិទ្ធិមនុស្សអាដហុក លេចធ្លោមួយរូបប្រចាំខេត្តរតនគិរី បានបង្ហាញបំណងចង់ចូលរួម ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា និងដាក់ឈ្មោះប្រជែងយកតំណែងមេឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ដែលជាឃុំ កំពុងគ្រប់គ្រងដោយមន្រ្តី គណបក្សសង្រ្គោះជាតិរយៈពេលពីរអាណត្តិមកហើយ។
លោក ឆាយ ធី បានបម្រើការងារឲ្យអង្គការសិទ្ធិមនុស្សអាដហុកអស់រយៈពេល ៨ឆ្នាំមកហើយ។ លោក ឆាយ ធី តែងបានធ្វើសកម្មភាព យ៉ាងសកម្ម ក្នុងការការពារសិទ្ធិមនុស្ស ក៏ដូចជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរី ហើយពេលខ្លះក៏មានការ ប៉ះពាក្យប៉ះសម្តីជាមួយអាជ្ញាធរ មូលដ្ឋានផងដែរ។
លោក ឆាយ ធី អាយុ ៤៨ឆ្នាំ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ថា ការសម្រេចចិត្តរបស់ លោកបានធ្វើឡើង បន្ទាប់ពីលោកបានមើលឃើញថា គណបក្សប្រជាជនកម្ពុជាក្នុងមួយរយៈពេលចុងក្រោយនេះ បានធ្វើកំណែទម្រង់ ច្រើន ដើម្បីឆ្លើយតបបំណងរបស់ប្រជាពលរដ្ឋ ក៏ដូចជាការអភិវឌ្ឍនៅតាមមូលដ្ឋាន។
លោក ឆាយ ធី បានបញ្ជាក់ដូច្នេះ «យើងចង់ចូលរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានកន្លែង ដែលយើងកំពុងរស់នៅ។ ខ្ញុំមើលឃើញថា មួយរយៈពេលចុងក្រោយនេះ គណបក្សប្រជាជនកម្ពុជា បានធ្វើការកែទម្រង់ច្រើនក្នុងការធ្វើការងារបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍នៅតាមមូលដ្ឋាន»។
បើទោះបីធ្លាប់មានការប៉ះពារសម្តីជាមួយអាជ្ញាធរមូលដ្ឋានក្នុងពេលបំពេញការងារជាអ្នកការពារសិទ្ធិមនុស្សអាដហុកក្តី តែលោក ឆាយ ធី ថា បញ្ហានេះនឹងមិនក្លាយជាឧបសគ្គក្នុងការចង់ចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា និងការប្រជែងយកតំណែងជាមេឃុំនោះឡើយ។
លោក ឆាយ ធី ក៏បានបញ្ជាក់ដែរថា ការចង់ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានេះ គឺគ្មានការចែចូវណាមួយនោះឡើយ តែជាបំណងផ្ទាល់ខ្លួនរបស់លោកចង់ចូលរួមអភិវឌ្ឍន៍មូលដ្ឋានជាមួយគណបក្សកាន់អំណាច ក្រោយលោកឃើញមានការធ្វើ កំណែទម្រង់ច្រើន។
រហូតមកដល់ពេលនេះ លោក ឆាយ ធី មិនទាន់បានដាក់ពាក្យស្នើសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជានៅឡើយនោះទេ ដោយលើកមើលឃើញថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅមានរយៈពេលយូរទៀត។ លោក ឆាយ ធី បានបញ្ជាក់ទៀតថា នៅពេលលោកសម្រេចចិត្តថា នឹងចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា លោកនឹងដាក់ពាក្យលាឈប់ ពីអង្គការសិទ្ធិមនុស្សអាដហុកជាមុន។
ឆ្លើយនឹងសំណួររបស់អ្នកព័ត៌មានថា តើនឹងមានសង្ឃឹមគណបក្សប្រជាជនកម្ពុជា ឲ្យចូលរួមរស់ជីវភាពនយោបាយ និង ឈរជាបេក្ខភាព មេឃុំឬយ៉ាងណានោះ? លោក ឆាយ ធី ថា លោក ក៏មិនហ៊ានសង្ឃឹមដែរ ព្រោះជាការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំគណបក្ស។
តំណែងមេឃុំ ក្នុងឃុំប៉ាតេ ស្រុកអូរយ៉ាដាវ កន្លែងដែលលោក ឆាយ ធី គ្រោងនឹងដាក់ពាក្យប្រជែងយកតំណែង ជាមេឃុំក្រោមដំបូល គណបក្សប្រជាជនកម្ពុជានោះ ត្រូវបានគ្រប់គ្រងដោយមន្រ្តីគណបក្សសង្រ្គោះជាតិ អស់រយៈពេលពីរអាណត្តិមកហើយ។
ការបង្ហាញខ្លួនរបស់លោក ឆាយ ធី ចង់ប្រជែងយកតំណែងមេឃុំនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំង ហើយក៏មានការលើកឡើងដែរថា តាមរយៈប្រជាប្រិយភាព និងភាពលិចធ្លោរបស់លោក ឆាយ ធី នាពេលបច្ចុប្បន្ន នឹងក្លាយជាបេក្ខភាប្រកួតប្រជែងយកតំណែងមេឃុំ ដ៏មានសក្តានុពលមួយរូប៕