(ភ្នំពេញ)៖ ក្រុមហ៊ុន លីហួរ គ្រុប បានអំពាវនាវដល់សមត្ថកិច្ច និងសាធារណជន ជួយឃាត់ខ្លួន និងរាយការណ៍ពី ជនដែលប្រើប្រាស់ ឈ្មោះក្រុមហ៊ុន ដើរឃោសនាឆបោកប្រជាពលរដ្ឋ។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីពេលថ្មីៗនេះ មានជនខិលខូចមួយចំនួន បានឆ្លៀតឱកាស និងបន្លំខ្លួនជាបុគ្គលិកឆ្នើមរបស់ក្រុមហ៊ុន លី ហួរ គ្រុប ដើរឃោសនាពីសេវាកម្មថ្មី របស់ក្រុមហ៊ុន លី ហួរ គឺការដាក់ប្រាក់បញ្ញើ និងវិនិយោគនៅក្រុមហ៊ុន លី ហួរ ដោយទទួលបាន ការប្រាក់ និងភាគលាភខ្ពស់ពីក្រុមហ៊ុន។
ក្រុមហ៊ុន លី ហួរ គ្រុប មានក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលបំរើសេវាកម្ម ដូចជា៖
* អគារប្តូរប្រាក់ លី ហួរ រតនៈអលង្ការ
* ក្រុមហ៊ុន លី ហួរ ហាងបញ្ចាំ
* ក្រុមហ៊ុន បុរី វិមានភ្នំពេញ (សេវាកម្មសាងសង់ និងលក់ផ្ទះ)
* គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី (២០១២)
* ក្រុមហ៊ុន លីហួរ លីស៊ីង ភីអិលស៊ី
* ក្រុមហ៊ុន តេពីអាក្រូ
* ក្រុមហ៊ុន លី ហួរ ផេប្រូ ភីអិលស៊ី (លី ហួរ វេលុយ)។
ក្រុមហ៊ុន លី ហួរ គ្រុប បានបញ្ជាក់ថា ក្រុមហ៊ុនពុំមានសេវាកម្មសន្សំប្រាក់ ការដាក់ប្រាក់វិនិយោគ ដែលតម្រូវឲ្យអតិថិជន បង់ប្រាក់ដោយ ផ្ទាល់ជាមួយ បុគ្គលិកឡើយ។ ក្នុងករណីសាធារណជន បានជួបនឹងជនខិលខូច ដែលប្រើប្រាស់ឈ្មោះ ក្រុមហ៊ុន លី ហួរ គ្រុប និងក្រុមហ៊ុន បុត្រសម្ព័ន្ធ ដើរឆរបោក សូមរាយការណ៍ទៅសមត្ថកិច្ច ជាបន្ទាន់ និងជូនដំណឹងមកក្រុមហ៊ុនផ្ទាល់ ដើម្បីចាត់វិធានការ ទៅតាមផ្លូវច្បាប់ជាធរមាន៕