(ភ្នំពេញ)៖ ព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧នេះ លោកបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយក នៃអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឲ្យក្រុមប្រតិភូ ខេត្តជាំងស៊ី (Jiangxi) នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ Yang Huiwen អនុប្រធានមន្ទីរអប់រំខេត្តជាំងស៊ី ចូលជួបពិភាក្សាការងារ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដោយផ្តោតសំខាន់លើការបើកវគ្គបណ្តុះបណ្តាលភាសាចិន ដល់មន្ត្រី បុគ្គលិក អាជ្ញាធរជាតិអប្សរា។
ជាកិច្ចស្វាគមន៍លោកអគ្គនាយក អាជ្ញាធរជាតិអប្សរា បានថ្លែងអំណរគុណដល់ អគ្គរដ្ឋទូតចិន ដែលបានជួយជ្រោមជ្រែងក្នុងការបើក វគ្គបណ្តុះបណ្តាលភាសាចិន ដល់មន្ត្រីបុគ្គលិក នៃអាជ្ញាធរជាតិអប្សរា ជាពិសេស មន្ត្រី បុគ្គលិក ដែលធ្វើការផ្ទាល់ជាមួយស្ថាប័ន មកពីប្រទេសចិន ដែលកំពុងអនុវត្តការងារអភិរក្ស ជួសជុលក្នុងតំបន់អង្គរ។
លោក ស៊ុ ម៉ាប់ បានបញ្ជាក់ថា មកទល់នឹងបច្ចុប្បន្នទំនាក់ទំនងចិន និងកម្ពុជា មានភាពរឹងមាំកាន់តែខ្លាំង ហើយអាជ្ញាធរជាតិអប្សរា ក៏មានកិច្ចសហការច្រើនជាមួយប្រទេសចិន ទាំងលើវិស័យអភិរក្សជួសជុល វិទ្យាសាស្ត្រ និងកសិកម្ម ដោយក្នុងន័យនេះអាជ្ញាធរ ជាតិអប្សរា បានជំរុញមន្ត្រីបុគ្គលិកឲ្យរៀនភាសាចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែរលូន ក្នុងទំនាក់ទំនងការងាររបស់ខ្លួន។ ជាមួយគ្នានេះដែរ លោកអគ្គនាយក ក៏បានបើកទូលាយចំពោះយុវជនចិន ដែលមានបំណងទទួលយកបទពិសោធន៍ការងារ គ្រប់គ្រង បេតិកភណ្ឌ អាចមកស្នាក់នៅ និងទទួលការបណ្តុះបណ្តាលពីមន្ត្រីជំនាញ នៃអាជ្ញាធរជាតិអប្សរា។
លោក Yang Huiwen អនុប្រធានមន្ទីរអប់រំខេត្តជាំងស៊ី បានបញ្ជាក់ថា លោកពិតជារីករាយដែលអាជ្ញាធរជាតិអប្សរា បានជំរុញឲ្យមន្ត្រី របស់ខ្លួនសិក្សាភាសាចិន ដើម្បីសម្រួលដល់កិច្ចសហប្រតិបត្តិការល្អ។ លោកនឹងជំរុញ ឲ្យដំណើរការសិក្សានេះ បានរលូនតាមរយៈ វិទ្យាស្ថានខុងជឺ ហើយតាមរយៈវិទ្យាស្ថាននេះ សិក្ខាកាមក៏អាចនឹងមានឱកាស ទៅសិក្សាបន្តនៅខេត្តជាំងស៊ីផងដែរ ដើម្បីពង្រឹងភាសាចិន ឲ្យកាន់តែល្អប្រសើរថែមទៀត។
លើសពីនេះ លោក Yang Huiwen ក៏បានសន្យាជំរុញ និងផ្សព្វផ្សាយ ដល់ភ្ញៀវទេសចរនៃខេត្តជាំងស៊ី មកកាន់រមណីយដ្ឋានអង្គរ កាន់តែច្រើន ហើយលោកនឹងជំរុញយុវជនចិន ឲ្យមកបោះជំរុំនៅអាជ្ញាធរជាតិអប្សរា ដើម្បីសិក្សាអំពីការគ្រប់គ្រងបេតិកភណ្ឌអង្គរ ក្នុងកម្មវិធីបោះជំរុំយុវជនអាស៊ាន-ចិន។
សូមបញ្ជាក់ថា តាមរយៈសម្របសម្រួលពីស្ថានទូតចិនប្រចាំកម្ពុជា មន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរា នឹងទទួលបានការបណ្តុះបណ្តាល ភាសាចិន ដោយវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិតសភាកម្ពុជា។ តាមគម្រោងវគ្គបណ្តុះបណ្តាលនេះ អាចនឹងដំណើរការចាប់ពីពាក់កណ្តាល ខែកុម្ភៈ ឆ្នាំ២០១៧តទៅ៕