(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ និងស្វាគមន៍ចំពោះលោកប្រធាន ក្រុមហ៊ុនចិន និងសហការីដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីត្រួតពិនិត្យនិងប្រគល់អគារការិយាល័យថ្នាក់ដឹកនាំ ព្រឹទ្ធសភាកម្ពុជា ព្រមទាំងស្វែងយល់អំពីការរីកចម្រើនរបស់កម្ពុជា និងការវិនិយោគនៅប្រទេសកម្ពុជា។
សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះលោកប្រធានក្រុមហ៊ុនដែលបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ កម្ពុជា និងមានចក្ខុវិស័យចង់វិនិយោគនៅប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ សម្តេចបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេស និងប្រជាជនទាំងពីរ កម្ពុជា-ចិន ដែលបានរីកចម្រើនជាបន្តបន្ទាប់ និងបានក្លាយជាដៃគូ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ មានប្រសាសន៍ឲ្យដឹងបែបនេះ ខណៈសម្តេច បានអនុញ្ញាតឲ្យលោក Jiang Qingde ប្រធានក្រុមហ៊ុនចិន Anhui Foreign Economic Construction Group Co.,Ltd ចូលជួបសម្តែងការគួរសម នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ នៅវិមានព្រឹទ្ធសភា។
បន្ថែមពីលើនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ មានប្រសាសន៍ឲ្យដឹងថា ក្នុងនាមព្រឹទ្ធសភា និងសម្តេចផ្ទាល់សម្តេចបាន ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនដែលបានផ្តល់ជំនួយឥតសំណងនូវអគារការិយាល័យថ្នាក់ ដឹកនាំព្រឹទ្ធសភា និងបានកោតសរសើរ វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ក្រុមវិស្វករ និងក្រុមអ្នកបច្ចេកទេសចិន ដែលសហការ កសាង អគារនេះបានល្អប្រសើរ និងរួចរាល់មុនកាលកំណត់។ អគារការិយាល័យនេះ បាន វាយតម្លៃថាការសាងសង់ឡើងបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស មានគុណភាពល្អ រឹងមាំ និងមានសោភ័ណ្ឌភាពល្អប្រណីត សមស្របតាមបទដ្ឋានបរិស្ថាន។
ជាការឆ្លើយតប នៅក្នុងជំនួបនោះ លោក Jiang Qingde ប្រធានក្រុមហ៊ុនចិន បានថ្លែងអំណរគុណ ចំពោះសម្តេចប្រធាន ព្រឹទ្ធសភា ដែលអនុញ្ញាតឲ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសមនាឱកាសនេះ។ លោកប្រធានបានជម្រាប អំពីគោលបំណងនៃដំណើរទស្សនកិច្ចនាឱកាសនេះ គឺដើម្បីស្វែងយល់អំពី ការរីកចម្រើន របស់ប្រទេសកម្ពុជានិងសិក្សាអំពី លទ្ធភាព ក្នុងការវិនិយោគនៅប្រទេសកម្ពុជា ព្រមទាំងត្រួតពិនិត្យ ការងារពាក់ព័ន្ធនឹងអគារការិយល័យថ្នាក់ដឹកនាំព្រឹទ្ធសភា។
លោកប្រធានបានគូសបញ្ជាក់ថា ការកសាងអគារការិយាល័យថ្នាក់ដឹកនាំព្រឹទ្ធសភានេះគឺ បានដំណើការប្រព្រឹត្តទៅដោយល្អ រលូន មានគុណភាព និងមានការគាំទ្រ និងសហការល្អប្រពៃពី ព្រឹទ្ធសភាកម្ពុជា។ អ្វីដែលសម្រេចបានក្នុងការកសាងអគារនេះ គឺជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ចិន។ ប្រការទាំងអស់នេះ បានឆ្លុះបញ្ចាំងនូវចំណងមិត្តភាព សាមគ្គីភាពនិង កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ដែលមានតាំងពីយូរលង់ណាស់មកហើយ តាំងពីជំនាន់ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងថ្នាក់ ដឹកនាំចិនជំនាន់មុន។
លោកប្រធានបានបន្តថា ការវិនិយោគនៅកម្ពុជារបស់ក្រុមហ៊ុននាឱកាសនេះ គឺជាវិភាគ ទានមួយចំណែកជាមួយនឹងប្រជាជន និងរដ្ឋាភិបាលប្រទេសចិន ដល់ការពង្រឹង ពង្រីកចំណង មិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។
លោកប្រធាន បានសម្តែងនូវបំណងប្រាថ្នា និងស្នើសុំការគាំទ្រពីសម្តេចប្រធានព្រឹទ្ធសភាបើសិនជាមានឱកាសចូលរួមចំណែក កសាង អគារសាលប្រជុំថ្មីរបស់ព្រឹទ្ធសភា នាពេលអនាគត។
ក្នុងឱកាសនោះ សម្តេច សាយ ឈុំ បានផ្តាំផ្ញើនូវការសាកសួរសុខ ទុក្ខ ចំពោះក្រុមវិស្វករ និងក្រុមអ្នកបច្ចេកទេសចិនដែលបាន ខិតខំប្រឹងប្រែងបំពេញការងារ ឲ្យសម្រេច បានលទ្ធផលដ៏ល្អប្រពៃនេះ។
សម្តេចបានគាំទ្រ និងស្វាគមន៍ចំពោះក្រុមហ៊ុនដែលចង់ ចូលរួមក្នុងការសាងសង់អគារសាល ប្រជុំថ្មីរបស់ព្រឹទ្ធសភា និងមានបំណងធ្វើការវិនិយោគនៅប្រទេសកម្ពុជា ពីព្រោះនៅកម្ពុជា មានលទ្ធភាពវិនិយោគលើច្រើនវិស័យដូចជា វិស័យសំណង់ ទេសចរណ៍ និងវិស័យផ្សេងៗទៀត៕