(ភ្នំពេញ)៖ ស្ត្រីជនជាតិអូស្រ្តាលីម្នាក់ ត្រូវបានអនុរក្សពន្ធនាគារ បញ្ជូនមកតុលាការ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ ដើម្បីបន្តការសាកសួរ ករណីជាឈ្មួញកណ្ដាល ជួលឲ្យស្ត្រីខ្មែរពពោះកូនជំនួស។
សំណុំរឿងនេះស្ថិតក្រោមចំណាត់ការរបស់លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
ស្ត្រីរូបនេះ ត្រូវបានចោទប្រកាន់ជនសង្ស័យទាំងបីនាក់ពីបទ «អន្តរការរវាងអ្នកសុំ និងស្ត្រីពរពោះ និងបទការសុំឲ្យផ្តល់ឯកសារ ដោយទុច្ចរិតតាមមាត្រា៣៣២ និងមាត្រា៦៣២ នៃក្រមព្រហ្មទណ្ឌ»។
របាយការណ៍សមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បង្ហាញថា ជនសង្ស័យទាំងបីនាក់ឈ្មោះ CHALES TAMMY ALAYNE ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិអូស្ត្រាលី កាន់លិខិតឆ្លងដែនលេខ PE-0402481 ឈ្មោះ ពេញ រិទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក និង ឈ្មោះ សំរិទ្ធ ចាន់ចរិយា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរឆ្មប ស្នាក់នៅសង្កាត់ វាលវង់ ខណ្ឌ៧មករា។
ក្រុមជនសង្ស័យត្រូវបានសមត្ថកិច្ច ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយ អធិការដ្ឋាននគរបាល ខណ្ឌសែនសុខ និងខណ្ឌដូនពេញឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
សមត្ថកិច្ច បញ្ជាក់ថា នៅពេលដែលបណ្តាប្រទេសដទៃ ចេញច្បាប់បិទមិនឲ្យមានការជួលស្រី្តពរពោះ ដើម្បីកើតកូនជំនួស បណ្តាញជំនួញនេះ បានហូរចូលកម្ពុជា ហើយបង្កើតមេខ្យល់ឲ្យដើរលួងលោម អូសទាញ ស្ត្រីឲ្យរកស៊ីឈ្នួល ពរពោះជំនួសអ្នក ដែលចង់បានកូន ហើយរហូតដល់ក្រុមមនុស្សប្រុសស្រលាញ់ប្រុសដូចគ្នាចង់បានកូន ក៏មកកម្ពុជារកកូនដែរ។ ជំនួញមួយនេះ ធ្វើឲ្យពួកឈ្មួញចំណេញកប់ពពក អ្នកចង់បានកូនត្រូវចំណាយ ៥ម៉ឺនដុល្លារអាមេរិក៕