(ភ្នំពេញ)៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី ឋាវរៈ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧នេះ បានបើកសវនាការលើសំណុំរឿង ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង (ប្រើលិខិតឆ្លងដែនក្លែងក្លាយ លួចបើកគណនីនៅតាមធនាគារ) របស់បុរសជនជាតិម៉ុងហ្គោល២នាក់ តាមមាត្រា៦២៩ និងមាត្រា៦៣០ នៃក្រមព្រហ្មទណ្ឌ ដែលបានប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៥-២០១៦ កន្លងទៅ ដោយសម្រេចលើកពេលប្រកាសសាលក្រម ទៅសប្ដាហ៍ក្រោយ ពោលនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ខាងមុខ។
ជនជាប់ចោទទី១៖ ឈ្មោះ EMMANUEL NGOMA NGOMA COCO ភេទប្រុស អាយុ៤៦ឆ្នាំ និងទី២៖ ឈ្មោះ JUNIRO BIN MUNGOMBA ភេទប្រុស អាយុ៣៦ឆ្នាំ។
ក្នុងសវនាការជនជាប់ចោទបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកលិខិតឆ្លងដែនក្លែងក្លាយជាច្រើនក្បាល ដើម្បីបើកគណនីនៅធនាគារធំៗ ដូចជា៖ ធនាគារស្ថាបនា ធនាគារចិន ធនាគារABA ធនាគារអេស៊ី។ល។ កុងធនាគារដែលពួកគេលួចបើកសម្រាប់ទទួលប្រាក់ដែលឈ្មោះ ម៉ាទីន និងឈ្មោះ បាលី ផ្ញើមកពីបរទេស ហើយពួកគេរង់ចាំដកយកទៅឲ្យអ្នកដទៃ តាមការបញ្ជារបស់ឈ្មោះ ម៉ាទីន និងឈ្មោះ បាលី ហើយក្នុងការដាក់-ដកម្ដងៗ ពួកគេទទួលបានលុយ៥ភាគរយតែប៉ុណ្ណោះ។
លោកឧត្ដមសេនីយ៍ទោ ធូ សារឿន អនុប្រធាននាយកដ្ឋានប្រឆាំងភេវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បានបញ្ជាក់នៅពេលសវនាការថា អង្គហេតុដែលនាំឲ្យឃាត់ខ្លួនអ្នកទាំង២នាក់នេះ ដោយសារតែលោកបានទទួលពាក្យបណ្តឹងរបស់ធនាគាស្ថាបនា ទើបកម្លាំងរបស់នាយកដ្ឋាន បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនម្នាក់ នៅធនាគា និងម្នាក់ទៀតឃាត់តាមផ្លូវ។
លោកបានបន្ថែមថា ការក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ដើម្បីបើកគណនេយ្យឲ្យគេផ្ញើលុយចូល នេះហើយ ជាចេតនាលាងលុយ។
ដោយឡែក តំណាងអយ្យការលោក ស្រី ម៉ាក់នី ធ្វើសេចក្តីសន្និដ្ឋានថា កាលពីអំឡុងឆ្នាំ២០១៥-២០១៦ ពិតជាមានអំពើ ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ពិតមែនអញ្ជឹងតំណាងអយ្យការ នៅតែតម្កល់បទចោទប្រកាន់នៅដដែល៕