(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានអះអាងថា លោកទើបនឹងទទួលដំណឹងថា ការឈរឈ្មោះបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ របស់គណបក្សសង្រ្គោះជាតិ តម្រូវឱ្យបេក្ខជនបង់លុយ ៣៥០ដុល្លារ។
លោកបានផ្ញើសារមកកាន់ក្រុមអ្នកសារព័ត៌មានថា «ម្សិលមិញខ្ញុំ បានទទួលទូរស័ព្ទពីមន្ត្រីគណបក្សសង្គ្រោះជាតិខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យសួរខ្ញុំថា៖ តើ បេក្ខជនឈរឈ្មោះ ឃុំ-សង្កាត់ របស់ គណបក្សអំណាចខ្មែរតម្រូវឲ្យបង់លុយថ្លៃឈរឈ្មោះឬទេ? ពួកគាត់បន្តថា ខាងគណបក្សសង្គ្រោះជាតិ គេតម្រូវឲ្យអ្នកចង់ ឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សា ឃុំ-សង្កាត់ ត្រូវបង់លុយ ម្នាក់៣៥០$ ទើបអាចឈរឈ្មោះបាន»។
លោក សួន សេរីរដ្ឋា បានបន្ថែមថា៖ «បើបេក្ខជន ឃុំ-សង្កាត់ ម្នាក់តម្រូវឲ្យបង់លុយថ្លៃឈរឈ្មោះ និងលក់លេខរៀងថ្លៃរហូតដល់ទៅ ៣៥០$ ហើយបេក្ខជនសភា តម្រូវឲ្យបង់លុយថ្លៃឈរឈ្មោះ និងលក់លេខរៀងថ្លៃរហូត ៥ ទៅ ៦ ម៉ឺនដុល្លារបែបនេះ តើគណបក្សនោះជាគណបក្សចោរប្លន់មែនទេ?»។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានបដិសេធចំពោះព័ត៌មាននេះ ប៉ុន្តែថាគណបក្សបានរៀបចំឱ្យមានការចូលរួមជាកញ្ចប់ថវិកាដែរ សម្រាប់ធ្វើយុទ្ធនាការឃោសនា នៅពេលឃោសនាបោះឆ្នោតខាងមុខនេះ។
អ្នកនាំពាក្យរូបនោះបាននិយាយយ៉ាងដូច្នេះថា៖ «គណបក្សសង្រ្គោះជាតិ មិនដែលមានគោលការណ៍បែបនោះទេ ប៉ុន្តែគណបក្សសង្រ្គោះជាតិ តែងតែរៀបចំ កញ្ចប់ថវិកាដោយតម្លាភាពជាទីបំផុត ក្នុងការធ្វើយុទ្ធនាការបោះឆ្នោតម្តងៗ ដូច្នេះនៅពេលខាងមុខ ថវិកានៅតាមខេត្ត តាមឃុំ/សង្កាត់នីមួយៗ ត្រូវការរៀបចំជាប្រព័ន្ធមួយ ដែលឱ្យឈ្មោះថា ការចូលរួមរបស់ថ្នាក់ដឹកនាំខេត្តស្រុក និងឃុំសង្កាត់យើង យកទៅប្រើប្រាស់សម្រាប់ឃោសនាឃុំ/សង្កាត់»៕