Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមត្ថកិច្ចចុះត្រួតពិនិត្យកន្លែង កាប់រានដីព្រៃប្រមាណ ២០ហិកតា ជាប់ព្រំដែនវៀតណាម ស្រុកអូរយ៉ាដាវ

03-01-2017 14:54

(រតនគិរី)៖ នៅវេលាម៉ោង៨៖៣៥នាទីព្រឹក ថ្ងៃទី៣ ខែមករានេះ កម្លាំងរដ្ឋបាលព្រៃឈើសង្កាត់អូរយ៉ាដាវ សហការណ៍ជាមួយ កម្លាំងនគរបាល ស្រុកអូរយ៉ាដាវ ប៉ុស្តិ៍ឃុំសេសាន្ត វរការពារព្រំដែននគរបាលលេខ៦២៣ វរការពារព្រំដែន យោធាលេខ១០២ បានចុះត្រួតពិនិត្យកន្លែងកាប់រាន ដីព្រៃ២០ហិកតាត្រង់ចំណុច និយាមកា E-0767261​ N=1524313 E=0767186 ​N=1523924  ស្ថិតក្នុងភូមិភិ ឃុំសេសាន្ត ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

លោក ឡុង ស៊ីឡាប នាយសង្កាត់រដ្ឋបាលព្រៃឈើអូរយ៉ាដាវ ប្រាប់ឲ្យដឹងថាក្រុមអ្នកកាប់រានដីព្រៃ ចំការខាងលើនេះ ជាប្រជាពលរដ្ឋ រស់នៅឃុំប៉ក់ញ៉ៃ ប៉ុន្តែពេលដែលសមត្ថកិច្ចចុះទៅដល់ ពុំឃើញមានប្រជាពលរដ្ឋ នៅកន្លែងកើតហេតុនោះឡើយ។

ប្រភពព័ត៌មានផ្សេងទៀតលួចបង្ហើប ប្រាប់អង្គភាព Fresh News ថា ទីតាំងខាងលើនេះជាតំបន់ព្រៃស្រោងសំបូរដើមឈើធំៗ ត្រូវបានសមត្ថកិច្ចព្រំដែន ឃុបឃិតគ្នា កាប់ឈើលក់ឲ្យឈ្មួញវៀតណាម ដោយប្រើប្រាស់កម្មករវៀតណាម ថែមទៀតផង។

ម្យ៉ាងទៀតទីនោះបិទបាំងភ្នែកមហាជន ព្រោះនៅច្ងាយពីផ្លូវជាតិ ហើយមានតែកម្លាំងការពារព្រំដែន ទើបអាចចេញចូលបាន៕