(កំពត)៖ កម្លាំងនគរបាលខេត្តកំពតក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ មធុរិទ្ធ ស្នងការនគរបាលខេត្ត ក្រោមការសម្របសម្រួលពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានដឹកនាំកម្លាំងនគរបាល ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន៥នាក់ ដកហូតបានថ្នាំ១១កញ្ចប់ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៧។
លោកវរសេនីយ៍ត្រី លក ញ៉ាវ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានឲ្យដឹងថា ប្រតិបត្តិការនៅចំណុចភូមិព្រិច ឃុំបឹងនិមល ស្រុកឈូក ឃាត់បានជនសង្ស័យ២នាក់ ឈ្មោះ ជា រិទ្ធថុន ហៅស្រម៉ូម អាយុ៣៦ឆ្នាំ និងដកហូតថ្នាំញៀន៣កញ្ចប់ បន្ទាប់មកកម្លាំងបន្ដទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ប្រាក់ រស្មី ហៅយមរាជឈាមត្រជាក់ អាយុ៣២ឆ្នាំ នៅចំណុចភូមិសត្វពង ឃុំសត្វពង ដកហូតបានថ្នាំមួយកញ្ចប់ និងជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង ព្រមទាំងសម្ភារៈមួយចំនួនទៀត។
លោកនាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បញ្ជាក់ថា នៅរសៀលថ្ងៃដដែល កម្លាំងសមត្ថកិច្ចដែលដឹកនាំដោយរូបលោកផ្ទាល់ និងមានការសម្របសម្រួលពី លោក ខាន់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះឃាត់ខ្លួនជនចែកចាយ និងប្រើប្រាស់គ្រឿងញៀន ក្នុងស្រុកទឹកឈូ ចំនួន៣នាក់ ដោយដកហូតគ្រឿងញៀន៧កញ្ចប់ និងឃាត់បានជនសង្ស័យ៣នាក់ ទី១៖ ឈ្មោះ ហែម ចាត អាយុ៣២ឆ្នាំ ទី២៖ ឈ្មោះ នឹក ប៉ះ អាយុ២៣ឆ្នាំ និងទី៣៖ ឈ្មោះ នី កើត អាយុ២៧ឆ្នាំ។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ ត្រូវបានការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត កសាងសំណុំរឿង ដើម្បីបញ្ជូនទៅចាត់ការតាមច្បាប់៕