(ប៉ៃលិន)៖ គិតមកត្រឹមដើមខែ ឆ្នាំ២០១៧នេះ មានរយៈពេល៦ឆ្នាំហើយ ដែលលនិធិឧបត្ថម្ភដល់ចាស់ជរា ក្នុងខេត្តប៉ៃលិន ដឹកនាំដោយលោកស្រី បាន ស្រីមុំ បានបន្តសកម្មភាពជួយដល់ចាស់ជរា ដោយមិនរើសអើងឡើយ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ ក្រុមការងារមូលនិធិគាំទ្រសុខភាព និងសង្រ្គោះបន្ទាន់ ដែលមាន លោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន ជាប្រធានមូលនិធិ បានជួបសំណេះសំណាល និងសួរសុខទុក្ខលោកយាយ លោកតា ចាស់ជរាគ្មានទីពឹង ក្នុងខេត្តចំនួន ១៦០នាក់ ដែលអញ្ជើញមកទទួល ប្រាក់ឧបត្ថម្ភប្រចាំខែមករា ឆ្នាំ២០១៧ ដោយក្នុងម្នាក់ៗ ទទួលបានថវិកាឧបត្ថម្ភ ១០០,០០០រៀល (មួយសែនរៀលគត់) ហើយចំពោះលោកយាយ លោកតាដែលមានទីលំនៅឆ្ងាយ ពិបាកធ្វើដំណើរ គឺក្រុមការងារបានយកថវិកាទៅប្រគល់ជូនដល់គេហដ្ឋានផ្ទាល់ផងដែរ ។
ក្នុងឱកាសនោះក្រុមការងារ បាននាំបណ្តាំសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ គណបក្សប្រជាជនកម្ពុជាទាំងអស់ ជូនចំពោះលោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តប៉ៃលិនទាំងអស់ ដោយសម្តេច សូមជូនពរឲ្យលោកយាយ លោកតាមានសុខភាពល្អ អាយុយឺនយូរ និងសូមថែរក្សាសុខភាពឲ្យបានល្អគ្រប់គ្នា ។
សូមបញ្ជាក់ថា ដោយមានការផ្តួចផ្តើមពីលោក អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលចុះជួយ ខេត្តប៉ៃលិន និងលោកស្រី ប្រធានមូលនិធិ បានផ្តល់ប្រាក់ឧបត្ថម្ភជាប្រចាំខែដល់លោកយាយ លោកតាចាស់ជរានិងមាន ជីវភាពខ្វះខាត មានរយៈពេល ៦ឆ្នាំមកហើយ គិតមកដល់ដើមឆ្នាំ២០១៧នេះ គឺមិនរើសអើងនិងមិនប្រកាន់និន្នាការនយោបាយ សាសនាឡើយ៕