(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលរស់នៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បានថ្លែងអំណរគុណលោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានចាត់ឲ្យមន្រ្តីថ្នាក់រដ្ឋលេខាធិការម្នាក់ ដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យមើលជាក់ស្តែងលើផ្លូវដែល រងការខូចខាតខ្លាំង និងជាយូរឆ្នាំមកហើយ តាមសំណើររបស់ពួកគាត់ភ្លាមៗ។
ប្រជាពលរដ្ឋបានឲ្យដឹងថា ផ្លូវនៅក្នុងមូលដ្ឋាននេះ បានជួបការលំបាកខ្លាំងណាស់ទាំងរដូវវស្សា និងរដូវប្រាំង ពោលគឺនៅរដូវវស្សាត្រូវទឹកលិច ហើយថែមទាំងមានផុកទៀតផង ដោយឡែកនៅរដូវប្រាំងមានជង្ហុកជ្រៅៗ នាំឲ្យផលលំបាកនៅក្នុងការធ្វើដំណើរ និងចំណាយពេលវេលាយូរទើបទៅដល់គោលដៅ ពេលខ្លះខូចទាំងមធ្យោបាយធ្វើដំណើរទៀត។
ក្រោយពីទទួលបានសំណើរនេះភ្លាម លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចាត់ឲ្យមន្រ្តីថ្នាក់រដ្ឋលេខាធិការម្នាក់ ដឹកនាំក្រុមការងារបច្ចេកទេស ចុះទៅពិនិត្យស្ថានភាពជាក់ស្ដែង ដើម្បីធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ៕