(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) បានស្នើដោយទទូចឲ្យ ក្រុមហ៊ុនវិនិយោគលើការ សាងសង់សំណង់នានានៅកម្ពុជា
ត្រូវសុំច្បាប់អនុញ្ញាត ឲ្យបានត្រឹមត្រូវ ពីក្រសួងស្ថាប័នពាក់ព័ន្ធ មុននឹងដំណើរការគម្រោង សាងសង់សំណង់របស់ខ្លួន។
យោងតាមការជូនដំណឹងរបស់ ក.អ.ក នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ បានគូសបញ្ជាក់ថា គោលការណ៍រួមរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តែងតែតម្រូវឲ្យក្រុមហ៊ុន វិនិយោគទាំងអស់ មានការឯកភាពពីក្រសួង-ស្ថាប័នមាន សមត្ថកិច្ចពាក់ព័ន្ធតាមលំដាប់ថ្នាក់ ទាំងលើប្លង់សាងសង់ សំណង់នានាមុនដំណើរការ អនុវត្តគម្រោងរបស់ខ្លួន។
ក្នុងសេចក្ដីជូនដំណឹងដដែលបានឲ្យដឹងថា នៅពេលថ្មីៗនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានរកឃើញ មានក្រុមហ៊ុនវិនិយោគមួយចំនួន ដែលទទួលបានគោលការណ៍ វិនិយោគពីរាជរដ្ឋាភិបាល តាមយន្ដការ «ច្រកចេញ-ចូលតែមួយ» នៃ ក.អ.ក បានដំណើរការអភិវឌ្ឍន៍គម្រោងរបស់ខ្លួន ដោយមិនមានលិខិតអនុញ្ញាតសាងសង់ស្របតាម បទប្បញ្ញត្តិជាធរមាននោះទេ។
យោងទៅតាមការ រកឃើញរបស់ក្រសួង ដែនដីនេះ ក.អ.ក បានសំណូមពរដល់ម្ចាស់ សហគ្រាសទាំងអស់មក បំពេញបែបបទ ស្នើសុំលិខិត មុនពេលដំណើរការអនុវត្តគម្រោង។ ក.អ.ក នឹងមិនទទួលពិនិត្យសំណើសុំនាំចូល ដោយពន្ធនាំចូលជាបន្ទុករបស់រដ្ឋ នូវសម្ភារៈបរិក្ខារសំណង់សម្រាប់បម្រើការសាងសង់ដល់គម្រោងវិនិយោគទាំងឡាយណា ដែលពុំទាន់មានលិខិតអនុញ្ញាត សាងសង់ពីក្រសួង-ស្ថាប័នមាន សមត្ថិកិច្ចពាក់ព័ន្ធនោះឡើយ។
សម្រាប់ព័ត៌មានលម្អិតសូមអានសេចក្ដីជូនដំណឹងរបស់ក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទាំងស្រុង៖