(ភ្នំពេញ)៖ ឆ្លើយតបនឹងការប្រើពាក្យញុះញង់ខុសការពិតរបស់លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសថា អាជ្ញាធរពុះផ្លូវកាត់ព្រះវិហារឥស្លាម នៅតំបន់បឹងកក់ បង្កឲ្យមានការភាន់ច្រឡំដល់សាធារណជន។ នៅថ្ងៃនេះ លោក អូស្មាន ហាស្សាន់ លើកឡើងវិញថា ពាក្យពុះព្រះវិហារនេះវាអាក្រក់ស្ដាប់ណាស់ វាបង្ហាញពីការញុះញង់ដុតកំហឹងមហាជនឲ្យច្រឡំ និងស្អប់ដល់អាជ្ញាធរ ប៉ុន្តែការពិតសាលារាជធានីភ្នំពេញ សម្រេចកាត់ពុះផ្លូវដែលមានចម្ងាយរហូត ដល់៦០ម៉ែត្រពីព្រះវិហារ ដើម្បីប្រយោជន៍សាធារណៈងាយស្រួលធ្វើដំណើរតែប៉ុណ្ណោះ។
លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លីមកម្ពុជា បានលើកឡើងនៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧នេះយ៉ាងដូច្នេះថា «ភាសាពុះព្រះវិហារនេះវាអាក្រក់ស្ដាប់ណាស់ វាបង្ហាញពីការញុះញង់ដុតកំហឹងមហាជន ដើម្បីឲ្យសកម្មជន CNRP និងគណបក្សសំបុកឃ្មុំកេងយកចំណេញ ទៅឃោសនាបំភាន់មតិសាធារណ:ជន និងបងប្អូនឥស្លាមមួយចំនួនដែលទទួលព័ត៌មាន មិនទាន់ច្បាស់ឲ្យមានការភាន់ច្រឡំ និងខឹងសម្បា ហើយមានខ្លះក៍បានសំដែងការមិនគាំទ្រ ការសាងសង់ផ្លូវជាប្រយោជន៍សាធារណៈ ឆ្លងកាត់តភ្ជាប់ ទៅកាន់មហាវិថីព្រះមុនីវង្ស ប្រវែងប្រមាណ៩០ម៉ែត្រ ឆ្លងកាត់ដែលរងផលប៉ះពាល់ផ្ទៃដីទំហំ ជាង១៩៤៩ម៉ែត្រក្រឡា ដែលទំហំដីវិហារប៉ះពាល់នេះសាលារាជធានីភ្នំពេញ បានបំពេញឲ្យវិញគ្រប់ចំនួនជាង១៩៤៩ ម៉ែត្រក្រឡា គឺមិនមានបាត់បង់មួយតឹក»។
ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លីមកម្ពុជារូបនោះ បានបន្តលើកឡើងថា កន្លងមកក៍មានក្រុមជ្រុលនិយម និងព័ត៌មានលំអៀងនិយម ដែលខិតខំបំពុលការពិត ក៍ប្រើពាក្យដូចគ្នានេះដែរថា ធ្វើផ្លូវពុះវិហារ និងបាត់បង់ដីវិហារ ហើយថាធ្វើផ្លូវក្បែរវិហារតែជាង១១ម៉ែត្រ ពីជញ្ជាំងដែលការពិត គឺ៦០ម៉ែត្រឯណោះ បើគិតពីជំរាល ជនពិការ៥០ម៉ែត្រ។
សូមជំរាបថា នាពេលថ្មីៗនេះលោក សម រង្សី តាមរយៈ Facebook បានប្រើពាក្យញុះញង់ អុចអាលថា ចម្រូងចម្រាសនៅតែបន្តកើតមានចំពោះ សានិកអ៉ីស្លាមទាំងពីរក្រុម៖ ១.មិនព្រមឲ្យពុះផ្លូវកាត់ព្រះវិហ៊ារ ២. ព្រមឲ្យពុះផ្លូវកាត់ព្រះវិហ៊ារ បន្ទាប់ពីសាលារាជធានីភ្នំពេញ បានសំរេចពុះផ្លូវកាត់ព្រះវិហ៊ារឥស្លាម ស្ថិតនៅតំបន់បឹងកក់។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាមេដឹកនាំសំខាន់មួយរូបក្នុងសាសនិកឥស្លាម បានប្រកាសជំហគាំទ្រឲ្យសាលារាជធានីភ្នំពេញ ដាក់ប្រព័ន្ធលូ និងបើកផ្លូវសាធារណៈ នៅក្បែវិហារឥស្លាមបឹងកក់ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ ហើយការបើកផ្លូវ និងដាក់ប្រព័ន្ធលូនេះ មិនមានផលប៉ះពាល់ណាមួយដល់វិហារឥស្លាមបឹងកក់នោះទេ។
ការប្រកាសជំហបែបនេះត្រូវបានធ្វើឡើង ក្នុងកិច្ចប្រជុំគណៈអ៉ីម៉ាំ គ្រប់លំដាប់ថ្នាក់តំណាងសាសនិកឥស្លាមទូទាំងប្រទេស របស់គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ក្រោមអធិបតីភាព លោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា, លោក ឃួង ស្រេង អភិបាលរង រាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំ ឥស្សរជនឥស្លាមសំខាន់ៗ ប្រមាណជិត៧០០នាក់ តំណាងឲ្យសាសនិកឥស្លាមទូទាំងប្រទេសជាង ៧០ម៉ឺននាក់៕