(ភ្នំពេញ)៖ ប្រតិបត្តិការបង្ក្រាប និងទប់ស្កាត់បទល្មើសផ្សេងៗ ក្នុងភូមិសាស្ត្រខណ្ឌដង្កោកំពុងកម្រើកឡើង ជាពិសេសសកម្មភាពនគរបាលខណ្ឌ បានបង្ក្រាបក្រុមជួញដូរគ្រឿងញៀនបានជាបន្តបន្ទាប់។
ជាក់ស្តែង គិតចាប់ពីយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ មកដល់ព្រឹកថ្ងៃទី៣ ខែមករានេះ កម្លាំងនគរបាលបានឃាត់ខ្លួន ជនសង្ស័យពាក់ព័ទ្ធករណីគ្រឿងញៀនបាន៥នាក់ ព្រមទាំងដកហូតថ្នាំញៀនមួយចំនួនធំ រួមជាមួយឧបករណ៍ប្រើប្រាស់មួយចំនួនផងដែរ។
លោកវរសេនីយ៍ទោ ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា បន្ទាប់ពីការណែនាំ និងដាក់បទបញ្ជាយ៉ាងតឹករឹងពីសំណាក់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យនគរបាលតាមបណ្តា ខណ្ឌទាំងអស់ ត្រូវលុបបំបាត់សកម្មភាពជួញដូរ និងចែកចាយគ្រឿងញៀន លោកបានដឹកនាំបង្ក្រាបបានក្រុមជួញដូរគ្រឿងញៀនជាបន្តបន្ទាប់។
លោកថា នៅយប់មិញកម្លាំងនគរបាលរបស់លោក បានឃាត់ជនសង្ស័យ៣នាក់នៅផ្លូវ២១៧ ហៅផ្លូវចំការដូង ដកហូតថ្នាំញៀន មួយកញ្ចប់ធំ ហើយបន្ទាប់ពីសួរនាំរហូតដល់ព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ ២០១៧នេះ ជនសង្ស័យបានសារភាពនឹងប្រាប់ពីទីតាំងសង្ងំជួញដូរគ្រឿងញៀន លោកក៏បានសុំការអនុញ្ញាតពីលោកស្រី សឿ សុវណ្ណី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បន្តឆែកផ្ទះមួយកន្លែង ស្ថិតតាមសណ្តរស្ទឹងព្រែកត្នោត ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយឃាត់ខ្លួនបានមេក្លោងជួញដូរគ្រឿងញៀន ២នាក់ ដកហូតបានថ្នាំ៤១កញ្ចប់ ដែលជនសង្ស័យយកទៅលាក់ក្នុងទុយោបង្ហូរទឹក។
លោកអធិការបន្តថា ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៥នាក់រួម និងវត្ថុតាង( គ្រឿងញៀន) ជនសង្ស័យត្រូវបាននាំខ្លួនពួកគេ មកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនពួកគេ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការទៅតាមនីតិវិធីច្បាប់។
លោកអធិការបានបញ្ជាក់ថា លោកនឹងដឹកនាំកម្លាំងបង្ក្រាប ជាបន្តបន្ទាប់ដើម្បីរក្សាបាននៅសុខសន្តិភាព សុវត្ថិភាព ស្របតាមគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពបស់រាជរដ្ឋាភិបាលកម្ពុជា៕