(កំពង់ស្ពឺ)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧នេះ បានបញ្ចេញគ្រឿងចក្រ រថយន្តសម្រាប់ ការងារជួសជុលទ្រង់ទ្រាយធំជាលើកទី២ បន្ទាប់ពីឆ្នាំចាស់ខ្លួនបានកសាង និងជួសជុលគ្រប់ហេដ្ឋារចនាសម្ព័ន្ធទូទាំងខេត្តបានយ៉ាងច្រើន។
ផ្លូវជាតិ ផ្លូវក្រុង ផ្លូវលំ ផ្លូវកៅស៊ូ ក្នុងខេត្តមួយចំនួន ដែលធ្លាប់ត្រូវរងការខូចខាត ហើយកើតមានជង្ហុកធំតូចមួយចំនួន ធ្វើឲ្យប៉ះពាល់ ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពេលនេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ អនុវត្តការងារជួសជុល បំពេញបន្ថែមគ្រប់ គោលដៅនានាជាមួយមន្រ្តីជំនាញផ្នែកថែរក្សាផ្លូវថ្នល់ជាច្រើនអ្នកផងដែរ។
ក្នុងនោះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានបញ្ចេញគ្រឿងចក្រ សម្ភារក្នុងការស្តារបណ្តាញផ្លូវ ថ្នល់ ប្រព័ន្ធលូនានា ក្នុងតំបន់ដែលមានការខូច។ មន្ទីរសាធារណការ និងដឹកជញ្ជូន បានខិតខំប្រឹងប្រែង ថែទាំផ្លូវ គូសគំនូស បំពាក់ផ្លាកសញ្ញាចរាចរណ៍ និងជួសជុលជង្ហុកធំតូចជាប្រចាំយ៉ាងសកម្មផុលផុស និងបង្កើនពេលវេលាសេវាថែទាំផ្លូវថ្នល់រហូតដល់ពេលយប់ ប្រកបដោយការ ទទួលខុសត្រូវខ្ពស់ និងបច្ចេកទេសតាមបទដ្ឋាន។
ជាការពិតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាមធ្យោបាយយ៉ាងសំខាន់ចាំបាច់ក្នុងការទ្រទ្រង់ សេដ្ឋកិច្ចសង្គមជាតិចូលរួមកាត់បន្ថយភាពក្រីក្រ រួមទាំងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងជំរុញវិយោគទុនក្នុងខេត្ត និងវិស័យទេសចរណ៍។
លោក ហុង ចាន់សុខា ប្រធានមន្ទីរបានលើកឡើងថា កន្លងមកធ្លាប់មានមនុស្សមួយចំនួនបានធ្វើឲ្យខូចខាត សម្បត្តិសាធារណៈរបស់រដ្ឋ ជាច្រើនមាន ដូចជា បើកបុកបង្គោលសញ្ញាចរាចរ យកដុំថ្មគប់ឲ្យខូច កាច់បំបាក់ ។ល។ ក្នុងនោះ ក៏មានពលរដ្ឋមួយចំនួនតូចបាន ជីកលើដីចំណីផ្លូវដាំបង្គោល ដោយសង់រោងផ្សេងៗ ដែលនាំឲ្យខូចខាតដល់ផ្លូវ ឬចញ្ចើមផ្លូវជាច្រើនកន្លែងដោយមិនទទួលខុសត្រូវឡើយ។
លោកបានក៏បានលើកឡើងថែមទៀតថា ពលរដ្ឋគ្រប់រូបត្រូវមានភារកិច្ចចូលរួមថែរក្សាទាំងអស់គ្នា ក្នុងនោះ អ្នករស់ជាប់ចញ្ចើមផ្លូវ មិនត្រូវរំលោភយកដីចំណីផ្លូវ មិនត្រូវធ្វើឲ្យប៉ះពាល់ដល់ចញ្ចើមផ្លូវថែមទៀត ហើយបើមានការខូចខាតដោយបង្កដោយមនុស្សត្រូវ រាយការណ៍ ជាបន្ទាន់កាន់ភ្នាក់ងារយើងដែលនៅបំផុត។
បើយោងតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា ៦៧-៦៨ បានចែងថា ជនណាដែលធ្វើឲ្យផ្លូវថ្នល់ រអិល ស្អិត ចាក់គំនរសំណង់ពង្រាយលើផ្លូវ ឬសម្ភារវត្ថុរាយប៉ាយ និងតាំងសម្ភារ ឬស្លាកសញ្ញាផ្សេងៗ ធ្វើឲ្យបាំងភ្នែកអ្នកបើកបរ បង្កឧបសគ្គដល់អ្នកថ្មើរជើង ក្នុងការធ្វើដំណើរ ត្រូវពិន័យជាប្រាក់៥ម៉ឺនរៀល។
ជនណាដែលផ្លាស់ប្តូរ រុះរើ ចល័ត ឬធ្វើឲ្យខូចប្រយោជន៍ដល់ស្លាកសញ្ញា ចរាចរភ្លើងសញ្ញាចរាចរ របងការពារសុវត្តិភាព បង្គោលគីឡូម៉ែត្រ សញ្ញាបង្ហាញទិសត្រូវពិន័យជាប្រាក់មួយសែនរៀល។ ក្នុងករណីមិនរាងចាលត្រូវទទួលពិន័យអន្តរការទ្វេដងថែមទៀត រួមទាំងប្រឈមការប្តឹងតាមផ្លូវតុលាការផងនោះដែរ៕