(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ និងជាអ្នកកំពុងគ្រប់គ្រងតំណែង ប្រធានក្រុមតំណាងរាស្រ្តសំឡេង ភាគតិចនៅរដ្ឋសភា ជំនួសលោក សម រង្ស៊ី បានប្រកាសថា លោកបានរកឃើញឈ្មោះរបស់លោក ក្នុងបញ្ជីឈ្មោះបោះឆ្នោតថ្មីហើយ ហើយក៏មានភាពត្រឹមត្រូវទាំងឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងលេខកូដអត្តសញ្ញាណផងដែរ។

លោក កឹម សុខា បានគូសបញ្ជាក់នៅលើទំព័រ Facebook របស់លោកនៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ ដែលជាថ្ងៃដំបូងនៃការបិទ បញ្ជីឈ្មោះបោះឆ្នោតថ្មីនេះថា លោកប្រាកដជាអាចបោះឆ្នោតបាន។

លោក កឹម សុខា ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទៅ ពិនិត្យមើលឈ្មោះរបស់ខ្លួន ក្នុងបញ្ជីឈ្មោះបោះឆ្នោតថ្មី ហើយបើរវល់អាចចូល ទៅពិនិត្យ ឈ្មោះក្នុងគេហទំព័ររបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) www.voterlist.org.kh។

លោក កឹម សុខា នឹងត្រូវបោះឆ្នោតការិយាល័យលេខ៩៩៦ ក្នុងសាលាបឋមសិក្សាចាក់អង្រែលើ។

សូមបញ្ជាក់ថា គ.ជ.ប ចាប់ផ្តើមបិទផ្សាយបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មីចាប់ពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះ។ ក្នុងអំឡុងពេលបិទផ្សាយនេះ គ.ជ.ប ក៏បើកឱកាសឲ្យប្រជាពលរដ្ឋ ក៏ដូចជាគណបក្សនយោបាយប្តឹងជំទាស់លើករណីរកមិនឃើញឈ្មោះ ឬបើរកឃើញភាពមិនប្រក្រតីណាមួយនោះ។

ជាការកត់សម្គាល់បញ្ជីឈ្មោះបោះឆ្នោតថ្មី ដែលធ្វើឡើងតាមប្រព័ន្ធកុំព្យូទ័រនេះ មានការគាំទ្រច្រើនទាំងប្រជាពលរដ្ឋ និងអ្នកនយោបាយ រួមទាំងលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិផងដែរ។ ពួកគេបានលើកសរសើរថា បញ្ជីឈ្មោះបោះឆ្នោតថ្មីមានភាពសុក្រឹត និងត្រឹមត្រូវច្រើនជាងបញ្ជី ឈ្មោះបោះឆ្នោតនាពេលកន្លងទៅ៕

http://image.freshnewsasia.com/2017/028/fn-2017-01-03-12-03-03-1.png