(ភ្នំពេញ)៖ លោកអ្នកប្រហែលធ្លាប់ឃើញ កញ្ញា មាន សូនីតា និងលោក សេម សម្តែងរឿងភាគទូរទស្សន៍រួចមកហើយ។ តារាមួយគូនេះ នឹងបង្ហាញខ្លួនរួមគ្នា លើផ្ទាំងសំពត់ស នៅរោងភាពយន្តទំនើបៗ ចាប់ពីថ្ងៃទី១៩មករានេះតទៅ ក្នុងរឿង«ស្នេហ៍ស្វ័យគុណ៤»ជាថ្មីម្ដងទៀត។
ហេតុអ្វី«គុណ៤»? ព្រោះមាន៣គូទៀត ដែលមានសាច់រឿងប្រទាក់ក្រឡា ជាមួយ សូនីតា និងសេម ផងដែរ រួមមាន ប៊ីរីយ៉ា, ជី រតនា, ច័ន្ទ ស្រីរ័ត្ន, សេម រ៉ក់ឃរ និង សុក សុកន្និដ្ឋា ។ ហើយឮថា មានជនទី៣មកជ្រៀតជ្រែកទៀត!។
ខ្លឹមសាររឿងធានាថាថ្មី ប្លែក នឹងស្មានមិនដល់ ដែលដឹកនាំដោយ កញ្ញា សុធា អ៉ីណេស ដែលជាជ័យលាភី ពីមហោស្រពភាពយន្ត TropFest កាលពីឆ្នាំ២០១៤។ ចូលរួមផលិតដោយលោក ឌីបផិនដ្រា ហ្គោច័ន្ទ ដែលធ្លាប់ ជាផលិតករភាពយន្តរឿងភាគទូរទស្សន៍ ល្បីល្បាញ «ឡូយ៩» «ស្នេហ៍៩» និង «ក្លាហាន៩» របស់BBC Media Actionផង។ បើមិនទាន់បានមើលរឿងផ្ទាល់ យើងក៏មានផូស្ទ័រ និងឈុតខ្លីផ្លូវការ ខាងក្រោមនេះដែរ!។
សូមបញ្ជាក់ថា នេះជាស្នាដៃផលិតដំបូងរបស់ផលិតកម្ម «ComeTogether» និងចែកចាយដោយក្រុមហ៊ុន «ពូព្រហ្ម អ៉ីនធើធិនម៉ិន»។ រឿងចុងក្រោយដែល «ពូព្រហ្ម»ចែកចាយ គឺ «កំពូលល្ងង់ នៅអាស៊ី» ដោយផលិតកម្ម «Galaxy Navatra» ហើយរឿងបន្ទាប់គឺ « Jailbreak: ការពារឧក្រិដ្ឋជន» ដោយផលិតកម្ម «កងចក្រ» និងវិនិយោគដោយ Westec Media Limited៕