(ភ្នំពេញ)៖ គម្រោងជួសជុលស្ពាន មិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ត្រូវបានពន្យារពេលរហូតដល់ អំឡុងខែមេសា ឆ្នាំ ២០១៧វិញ។ ការពន្យារនេះដោយសារខាងអង្គការចៃការ របស់ជប៉ុន មិនទាន់បានជ្រើសរើសក្រុមហ៊ុន មកជួសជុសនៅឡើយ។
តាមការគ្រោងទុកស្ពានជ្រោយចង្វារទី១ នឹងដំណើរការជួសជុលនៅអំឡុងខែមករា ឆ្នាំ២០១៧នេះ។ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧នេះថា អង្គការចៃការរបស់ជប៉ុន កំពុងដំណើរការជ្រើសរើស ក្រុមហ៊ុនមកជួសជួល ហើយការការជ្រើសរើសអាចនឹងបញ្ចប់នៅអំឡុងខែ មីនា ឬមេសា។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា បន្ទាប់ពីអង្គការចៃការ ជ្រើសរើសក្រុមហ៊ុនបានហើយនឹងចាប់ផ្តើមដំណើការជួសជុលតែម្តង។
សូមបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ត្រូវបានកសាងឡើងពីឆ្នាំ១៩៦០ រហូតដល់ឆ្នាំ១៩៦៣ ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន មានប្រវែង ១.០៨០ម៉ែត្រ និងទទឹង ១៣ម៉ែត្រ។ ស្ពាននេះត្រូវបានបំផ្លាញក្នុងឆ្នាំ១៩៧២ ពេលកម្ពុជាកើតសង្រ្គាម ហើយត្រូវបានជួសជុល ឡើងវិញនៅឆ្នាំ១៩៩៤។
ដោយសារតែបច្ចុប្បន្នស្ពាននេះមានសភាពកាន់តែឌ្រុតទ្រោមទើបរាជរដ្ឋាភិបាលកម្ពុជា ស្នើសុំឲ្យរដ្ឋាភិបាលជួយជុសជុលឡើងវិញ។ លោក ស៊ុន ចាន់ថុល ធ្លាប់បានឲ្យដឹងថា ការជួសជុលស្ពាននេះ នឹងត្រូវចំណាយថវិកាប្រមាណ ៣០លានដុល្លារ ជាជំនួយរបស់ រដ្ឋាភិបាលជប៉ុន ហើយចំណាយរយៈពេលជួសជុល ២២ខែ។
នៅអំឡុងពេលជួសជុល នឹងមានការកកស្ទះចរាចរណ៍ខ្លាំង។ ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍នេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានឲ្យដឹងថា ក្រសួងនឹងដាក់សាឡាងមួយសម្រាប់ ប្រជាពលរដ្ឋធ្វើដំណើរ ដោយមិនតម្រូវឲ្យមានការបង់ប្រាក់ឡើយ។ ក្រៅពីនោះ ក្រសួងក៏បានសម្រេចបង្វិលការ ធ្វើចរាចរណ៍ទៅតាមស្ពានព្រែកព្នៅជំនួសវិញ។
បើតាមលោក ស៊ុន ចាន់ថុល អំឡុងពេលជួសជុលស្ពានខាងលើនេះ ក្រសួងសាធារណការ នឹងសហការជាមួយអាជ្ញាធរដែនដី រក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ឲ្យបានល្អបំផុតនៅពេលកកស្ទះចរាចរណ៍ម្តងៗ៕