(មណ្ឌលគិរី)៖ តំណាងក្រុមហ៊ុនម្ចាស់ឈើ២រថយន្ត ដែលត្រូវកម្លាំងសមត្ថកិច្ចឃាត់ត្រួតពិនិត្យនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ កន្លងទៅនេះ បានចេញមុខធ្វើការអះអាងថា ឈើរបស់ខ្លួនមានច្បាប់ត្រឹមត្រូវជាឈើដែលក្រុមហ៊ុនដេញថ្លៃបានពីគណៈកម្មការ របស់រាជរដ្ឋាភិបាល ហើយដឹកចេញពីកន្លែងស្តុកនៅរាយប៉ាយ យកទៅទុកនៅក្នុងទីតាំងក្រុមហ៊ុនដើម្បីធ្វើការកែឆ្នៃ។
សូមបញ្ជាក់ថាកាលពីយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧កន្លងទៅនេះ មានរថយន្តបង្កង់ និងរថយន្តកែឆ្នៃដឹកឈើមូល និងឈើជ្រុងចំនួន២គ្រឿង ត្រូវបានកំលាំងនគរបាលស្រុកកោះញែក និងយោធាវរៈការពារព្រំដែនលេខ១០៣ ឃាត់ត្រួតពិនិត្យដោយសង្ស័យថា ជាឈើដឹកល្មើសច្បាប់។
ក្រោយឃាត់យកទៅទុកនៅអធិការដ្ឋាន នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ សមត្ថកិច្ចចម្រុះដែលមានមន្ត្រីរដ្ឋបាលព្រៃឈើ នគរបាល យោធា ដឹកនាំដោយព្រះរាជអាជ្ញារង សូ សុវិទ្យា ចុះធ្វើការត្រួតពិនិត្យ និងវាស់វែងបានរកឃើញថា ឈើខាងលើជាប្រភេទឈើលេខ១ (សុក្រម) មានវាយត្រាញញួររបស់រដ្ឋបាលព្រៃឈើ (ត្រា៤) មានចំនួនជិត១០ម៉ែត្រគូប។
ក្រោយសមត្ថកិច្ចចម្រុះឃាត់ត្រួតពិនិត្យ និងមានព័ត៌មានធ្វើការផ្សព្វផ្សាយថាសង្ស័យថា ជាឈើដឹកល្មើសច្បាប់រួចមក នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧នេះ តំណាងក្រុមហ៊ុនបានចេញមុខអះអាងថា ឈើរបស់ខ្លួនជាឈើស្របច្បាប់ដែលក្រុមហ៊ុនដេញថ្លៃបានពី គណៈកម្មការរបស់រាជរដ្ឋាភិបាល ដែលបង្ក្រាបបានកាលពីពេលកន្លងមក ហើយក្រុមហ៊ុនបានដឹកចេញពីកន្លែងស្តុកទុករបស់ គណៈកម្មការយកទៅទុកកែឆ្នៃនៅក្នុងទីតាំងរបស់ក្រុមហ៊ុនតែប៉ុណ្ណោះ ហើយឈើទាំងអស់នោះសុទ្ធតែមានវាយត្រាញញួ ររបស់រដ្ឋបាលព្រៃឈើត្រឹមត្រូវផងដែរ មិនមែនជាឈើល្មើសច្បាប់នោះទេ៕