(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់ និង បង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាប នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧នេះ បានដឹកនាំកិច្ចប្រជុំពិនិត្យ និង ដាក់ចេញវិធានការសំខាន់ៗមួយចំនួន ដើម្បីទប់ស្កាត់ ក៏ដូចជាបង្រ្កាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប។
កិច្ចប្រជុំនាព្រឹកនេះ មានការអញ្ជើញចូលរួមពីអនុប្រធាន ព្រមទាំងសមាជិក និងអភិបាលខេត្តនៅជុំវិញបឹងទន្លេសាបផងដែរ។ សូមបញ្ជាក់ថា កាលពីចុងខែធ្នូ ឆ្នាំ២០១៦កន្លងទៅនេះ លោក វេង សាខុន ក៏បានដឹកនាំកម្លាំងធ្វើដំណើរតាមយន្តហោះ និងទូកកាណូត ចុះពិនិត្យបទល្មើសលើផ្ទៃបឹងទន្លេសាប ព្រមទាំងបានបំផ្លាញឧបករណ៍នេសាទល្មើសច្បាប់ដូចជាសំណាញអួនមួយចំនួនផងដែរ។
សូមរំលឹកថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើស នេសាទនៅបឹងទន្លេសាប ដែលមានលោក វេង សាខុន ជាប្រធាន។ គណៈកម្មការអន្តរក្រសួងនេះ មាននាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនុប្រធាន។
គណៈកម្មការនេះ មានភារកិច្ច៖
- រៀបចំប្រតិបត្តិការចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទ
- អង្កេត និងស្រាវជ្រាវរកជនល្មើស និងអ្នកពាក់ព័ន្ធនឹងបទល្មើសនេសាទ
- ស្វែងរក និងចាប់ខ្លួនជនល្មើស រួមនិងវត្ថុតាង នៃបទល្មើសនេសាទ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់ជាធរមាន
- រៀបចំផែនការ និងចាត់វិធានការសមស្របក្នុងការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទឲ្យមានប្រសិទ្ធភាពខ្ពស់
- ធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារជូនប្រមុខរាជរដ្ឋាភិបាល
- ទទួលអនុវត្តភារកិច្ចផ្សេងទៀត ដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន។
លោក វេង សាខុន ធ្លាប់ប្រាប់អង្គភាព័ត៌មាន Fresh News ថា ពេញមួយឆ្នាំ២០១៦ បទល្មើសនេសាទបង្រ្កាប បានជាង ៣ពាន់ករណី និងប្រមូលស្បៃមុងដុតកម្ទេចចោលជាង២លានម៉ែត្រ។ លោក វេង សាខុន ក៏បានឲ្យដឹងផងដែរថា ជាការកត់សម្គាល់បទល្មើសនេសាទហាក់មានការថមថយ តែមិនទាន់អាចលុបបំបាត់ទាំងស្រុងនៅឡើយទេ៕