លោក មាន ចាន់យ៉ាដា៖ អាជ្ញាធរនឹងកាត់ចោល ផ្ទាំងប៉ាន់ណូផ្សាយពាណិជ្ជកម្ម ដែលដាក់កាត់ទទឹងផ្លូវ, មាន៤៩កន្លែងទូទាំងរាជធានី
03-01-2017 10:56
(ភ្នំពេញ)៖ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងថា សាលារាជធានីភ្នំពេញ គ្រោងនឹងធ្វើការកាត់របា ឫផ្ទាំងផ្សាយពាណិជ្ជកម្មទាំងអស់ដែលដាក់កាត់ទទឹងផ្លូវ ដែលមានចំនួន៤៩កន្លែង។
ការបញ្ជាក់របស់អភិបាលរងរាជធានីភ្នំពេញរូបនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ ក្នុងជំនួបរវាងតំណាងក្រុមហ៊ុន ផ្សាយពាណិជ្ជកម្ម ជាច្រើន នៅសាលារាជធានីភ្នំពេញ។
លោកអភិបាលរងបញ្ជាក់ថា របាពាណិជ្ជកម្ម ដាក់កាត់ទទឹងផ្លូវ គឺមាន៤៩កន្លែង ហើយដោយឡែកចំពោះផ្ទាំងប៉ាណូ ស្លាកយីហោ នាឡិកា ប្រអប់ភ្លើង បង្គោលភ្លើង ដែលដាក់តាំងនៅគ្រប់កន្លែងក្នុងក្រុង មានចំនួន ៣៦៤៤កន្លែង។
សូមបញ្ជាក់ថា ការចេញសេចក្តីសម្រេចកាត់ផ្ទាំងផ្សាយប៉ាន់ណូដែលដាក់កាត់ទទឹងផ្លូវនេះ បានកើតឡើង ក្រោយពីមានការរិះគន់ ពីមជ្ឈដ្ឋានជាច្រើនថា ការដាក់បែបនេះអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរតាមដងផ្លូវដែលឆ្លងកាត់ និងកាត់តែរិះគន់ទៅទៀតនោះ គឺប៉ះពាល់ដល់ការយាងរបស់ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំកំពូលៗ របស់ជាតិ ដែលនៅពីក្រោមផ្ទាំងផ្សាយពាណិជ្ជកម្មទាំងនេះ៕