(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧នេះ បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ចូលដាក់កម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធសព ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ជីវ័ន្តមុនីរ័ក្ស ដែលកំពុងតម្កល់ធ្វើព្រះរាជពិធីបុណ្យនៅវត្តបុទុមវតី។
សូមជំរាបថា សម្តេច ស៊ីសុវត្ថិ ជីវន្តមុនីរ័ក្ស បានសោយទិវង្គត ១០៖៤៥នាទីព្រឹកថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងព្រះជន្មាយុ ៨០ព្រះវស្សា ដោយព្រះរោគាពាធ នៅព្រះរាជដំណាក់របស់ព្រះអង្គ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ខាងក្រោយក្រសួងពាណិជ្ជកម្ម។ សម្តេច ស៊ីសុវត្ថិ ជីវន្តមុនីរ័ក្ស គឺជាបុត្រារបស់សម្តេច ស៊ីសុវត្ថិ មុនីវង្ស និងត្រូវជាព្រះបិតុលាបង្កើត (ឪពុកមា) ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ផងដែរ។
សម្តេច ស៊ីសុវត្ថិ ជីវន្តមុនីរ័ក្ស គឺជាឧត្តមប្រឹក្សា នៃអង្គព្រះមហាក្សត្រ ហើយក៏ធ្លាប់បានធ្វើជាអនុប្រធានទី១ នៃព្រឹទ្ធសភាជាតិនីតិកាលទី១ និងទី២ផងដែរ៕