(ភ្នំពេញ)៖ បុគ្គលិកហាងវីងម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យចាប់ឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ពាក់ព័ន្ធនឹងករណីលួចយកទូរដែកមួយផ្ទុកលុយចំនួន៧,០០០ដុល្លារ របស់ថៅកែខ្លួន ពីក្នុងហាងដែលខ្លួនធ្វើការ។
មន្រ្តីនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦ កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ វួច មាន អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកហាងវីង ស្នាក់នៅផ្ទះលេខ៣៥ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ពីបទលួចយកទូរដែកដាក់ប្រាក់របស់រងគ្រោះ ឈ្មោះ អ៊ុន ប៊ុនថន អាយុ៣៥ឆ្នាំ ត្រូវជាម្ចាស់ហាងវីង ស្នាក់នៅផ្ទះលេខ៦៥ ផ្លូវF3 ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
មន្រ្តីនគរបាលដដែលបានបន្តថា សកម្មភាពដែលជនសង្ស័យបានប្រព្រឹត្ត គឺនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដែលលួចពីក្នុងហាងវីងដែលខ្លួនធ្វើការ នៅផ្ទះលេខ៩០១ ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម។
កម្លាំងនគរបាលខណ្ឌមានជ័យ ក៏បានដកហូតទូរដែក១ (មានស្នាមគាស់ទ្វារ) និងប្រាក់ដុល្លារចំនួន ៧០០០ដុល្លារ (ជារបស់ជនរងគ្រោះ) ហើយប្រាក់ ៧០០០ដុល្លារនោះ ត្រូវបាននគរបាលជូនជនរងគ្រោះរក្សាទុកវិញហើយ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅចាត់ការនៅតុលាការ៕